ថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទបង្ហាញទាំង ១១ប្រធានបទ
Wed,04 February 2026 (Time 03:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ពីវេទិកាអធិបតី នៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត ឱ្យយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ លើប្រធានបទ ចំនួន ១១ ក្នុងដំណើរការសន្និបាត ដែលនឹងបន្តរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។

ប្រធានបទទាំង១១ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់នោះរួមមាន៖

១. បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការបោសសម្អាតក្មេងទំនើង ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ

២. បទអន្តរាគមន៍ស្តីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋានរដ្ឋបាល

៣. បទអន្តរាគមន៍ស្តីពីការងារជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារ អត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

៤. បទអន្តរាគមន៍ស្តីពីវិធានការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

៥. បទអន្តរាគមន៍ស្តីពីយុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តកំពង់ធំ

៦. បទអន្តរាគមន៍ស្តីពីការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥លានដុល្លារ ចុះក្រោម ដោយ រដ្ឋបាលខេត្តតាកែវ

៧. បទអន្តរាគមន៍ស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ រដ្ឋបាលខេត្តប៉ៃលិន

៨. បទបង្ហាញចែករំលែកបទពិសោធ អំពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

៩. បទបង្ហាញចែករំលែកបទពិសោធ អំពីផែនការរៀបចំដែនដីប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរដ្ឋបាលខេត្តស្វាយរៀង

១០. បទបង្ហាញចែករំលែកបទពិសោធ អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយ អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៃរដ្ឋបាលរាជធានីភ្នំពេញ

១១. បទបង្ហាញចែករំលែកបទពិសោធ អំពីវឌ្ឍនភាព និងបទពិសោធទទួលបានពីការអនុវត្តអភិក្រមថ្មីក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអង្គការ UNICEF។

បទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធទាំងនេះ នឹងត្រូវធ្វើឡើងទៅតាមរបៀបវារៈ បន្ទាប់ពីអង្គសន្និបាត បានស្ដាប់របាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ថ្លែងដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងរបាយការណ៍បូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា របាយការណ៍និងបទអន្តរាគមន៍ ព្រមទាំងបទបង្ហាញចែករំលែកបទពិសោធ ដែលមានក្នុងសន្និបាតនេះ គឺជាមូលដ្ឋានទិន្នន័យ និងព័ត៌មានដ៏មានសារៈសំខាន់ សម្រាប់ការឆ្លុះបញ្ចាំងត្រឡប់ទៅមើលលទ្ធផល និងបទពិសោធនៃការអនុវត្តការងារពេញមួយឆ្នាំ២០២៥ ខណៈ បទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ គឺជាការផ្ដល់ឱកាសជូនអង្គសន្និបាត បានស្វែងយល់ពីមេរៀន និងបទពិសោធ ចេញពីការអនុវត្តការងារជាក់ស្ដែង របស់សាមីស្ថាប័ន និងតួអង្គវាគ្មិនផ្ទាល់។

សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួន និងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត៨០០នាក់។ ពិធីបិទសន្និបាត នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

វីដែអូ