ខេត្តតាកែវ៖ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងក្រុមមន្ត្រីជំនាញឱ្យចុះស្រាវជ្រាវជាបន្ទាន់ និងជម្រៅ ជុំវិញករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ខេត្តតាកែវ និងមន្ត្រីមូលដ្ឋានថា បានប្រើប្រាស់អំណាចរំលោភយកដីធ្លីកម្មសិទ្ធិស្របច្បាប់របស់គាត់ ទៅប្រគល់ឱ្យបុគ្គលផ្សេង។ យោងតាមប្រភពព័ត៌មាន បេសកកម្មចុះអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការផ្ទុះការតវ៉ា និងការដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីសំណាក់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាត់បង់ដីធ្លី។ នៅក្នុងពាក្យបណ្ដឹងនោះ ប្រជាពលរដ្ឋបានបញ្ជាក់ចំឈ្មោះមន្ត្រីសំខាន់ៗចំនួន ៣ រូប រួមមាន៖ ១. លោក ម៉ឹង វុធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។២. លោក ភួន ឈឹម អភិបាលនៃគណៈអភិបាលស្រុកបាទី។៣. លោក ទូច សារុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទី។ តាមការចោទប្រកាន់ ក្រុមមន្ត្រីទាំងនេះត្រូវបានគេសង្ស័យថា បានប្រើប្រាស់ឥទ្ធិពល និងតួនាទីរបស់ខ្លួន ដើម្បីកែប្រែឯកសារ ឬរំលោភយកដីដែលមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ រួចធ្វើការផ្ទេរ ឬប្រគល់ទៅឱ្យតួអង្គទីបី ដែលជាទង្វើខុសច្បាប់ និងបង្កឱ្យមានភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរដល់ម្ចាស់ដីដើម។ "នេះគឺជាវិធានការច្បាប់ដ៏តឹងរ៉ឹងមួយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ភាពមិនប្រក្រតីរបស់មន្ត្រីខិលខូចមួយចំនួនដែលយកអំណាចមករំលោភបំពានលើរាស្ត្រ។" បច្ចុប្បន្ន ក្រុមការងារអធិការកិច្ចកំពុងស្ថិតក្នុងដំណាក់កាលប្រមូលភស្តុតាង សាកសួរភាគីពាក់ព័ន្ធ និងពិនិត្យមើលឯកសារគតិយុត្តផ្សេងៗនៅមូលដ្ឋាន ដើម្បីស្វែងរកការពិត។ សាធារណជនកំពុងរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតនេះ ថាតើក្រសួងមហាផ្ទៃនឹងមានចំណាត់ការបែបណា ចំពោះមន្ត្រីដែលរងការចោទប្រកាន់ទាំងនោះ ប្រសិនបើរកឃើញថាមានកំហុសដូចការចោទប្រកាន់មែននោះ។
វីដែអូ