នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:២៥នាទីរសៀល ដោយរោគគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិគ្រឹះលេខ BT2-786-790 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (តំបន់អភិវឌ្ឍន៍ OCIC) រាជធានីភ្នំពេញ។ មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាច ក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបាន ការពារបូរណភាពទឹកដីជារៀងរហូតមក។ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕
វីដែអូ