កែប៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ខេត្តកែប បានរៀបចំពិធីអបអរសាទរចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ភូមិទួលសាងាំ ភូមិអង្កោល ឃុំអង្កោល និងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលនេះធ្វើអោយខេត្តកែប ក្លាយជាខេត្តទី១ បានបញ្ចប់ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកែបនឹងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ មន្រ្តីរាជការទូទាំងខេត្ត និងបងប្អូនពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ ក្នុងនាមក្រសួង លោកនឹងព្យាយាមបញ្ចប់បញ្ហាវិវាទដីធ្លីទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ក្នុងនោះជំហ៊ាននេះនឹងឈានទៅកាត់ផ្តាច់ការយកលេសបញ្ហាដីធ្លីនេះ ជាឈ្នាន់នយោបាយផ្សេងៗរបស់ក្រុមអគតិ។មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា នេះជាជោគជ័យមួយរបស់រដ្ឋបាលខេត្ត ក្នុងការឈានទៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងក្លាយជាខេត្តទី១ ក្នុងការបញ្ចប់ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានីខេត្តទាំងអស់។ឯកឧត្តមបន្តថា ក្រោយបញ្ចប់ពិធីនេះទៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅទំនាក់ទំនងជាមួយ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីទទួលបានបណ្ណកម្មសិទ្ធិរៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះដែរ មន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវាត្រូវបង្កលក្ខណៈល្អ និងបំរើ សេវាជូនប្រជពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ យោងតាមរបាយការណ៍របស់លោកនិម្មាបនិក សុទ្ធពុទ្ធិ ម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានអោយដឹងថា ក្បាលដីរុបនៅទូទាំងខេត្តកែបគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ មានចំនួន ៥៤ ១០៧ ក្បាលដី ក្នុងនោះបណ្ណដែលបានចែកដល់ដៃប្រជាពលរដ្ឋមានចំនួន ៣០៥៦៦បណ្ណ ហើយបណ្ណដែលត្រូវចែកបន្តមានចំនួន ១២ ៤៥៣ បណ្ណ៕
វីដែអូ