កែប: គ្រប់មហាជនទាំងអស់ សូមចូលរួមឲ្យបានសកម្មលើការបង្ការ ទប់ស្កាត់ គ្រឿងញៀននៅកម្ពុជា ដោយរួមគ្នាឈរលើទិសស្លោក “បីកុំ-មួយរាយការណ៍” ដែលមានន័យថា កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសេះសសាលាខេត្តកែប ដោយមានការអញ្ចេីញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងសិស្សនិស្សិត សរុបចំនួនជាង ៣០០នាក់។ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកប្រធានបទ នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥នេះ ដោយផ្ដោតលេីប្រធានបទ" រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀន " ក្នុងគោលដៅធ្វើយ៉ាងណាបំផុសចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ឯកឧត្តមបណ្ឌិត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រឹងការធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្មផុសផុល ដោយក្នុងនោះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្កើតជាថ្នាលឌីជីថលដ៏មានសារសំខាន់មួយ គឺកម្មវិធីទូរស័ព្ទដៃ (NoDrug) ដែលជាវិធីសាស្ត្រអប់រំតាមបែបឌីជីថលទាន់សម័យ និងជាបណ្ដុំនូវមេរៀន ខ្លឹមសារ និងព័ត៌មានពាក់ព័ន្ធគ្រឿងញៀន ហើយក៏ជាមធ្យោបាយរាយការណ៍ដ៏មានប្រសិទ្ធភាពលើ ២៤ម៉ោង និងរក្សាការសម្ងាត់ សម្រាប់ប្រជាពលរដ្ឋដែលផ្តល់ដំណឹងពាក់ព័ន្ធ និងការចែកចាយ ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ផងដែរ។ តាមរបាយការណ៍របស់លោក ស្រី គឹម ចន្នី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប បានអោយដឹងថា លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននៅខេត្តកែប ក្នុងឆមាសទី១នេះ បង្ក្រាបបទល្មើសបានចំនួន ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧នាក់(ស្រី ២នាក់) ដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លាទម្ងន់ ៨.៧៦ក្រាម ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ១៥គ្រឿង។ របាយការណ៍ដដែលបញ្ជាក់ថា ចំពោះការប្រើប្រាស់បង្រ្កាបបាន ១០ករណី ឃាត់ខ្លួនមនុស្ស២២នាក់ ស្រី១នាក់។ ដោយឡែក ការបង្ក្រាបលើការជួញដូរ ចែកចាយ និងរក្សាទុក បាន ៤ករណី ឃាត់ខ្លួនមនុស្ស៥នាក់ ស្រី១នាក់៕
វីដែអូ