ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្នុងទិវាមច្ឆជាតិ ខេត្តកែប​ លែងត្រីមេពូជ៣០គីឡូក្រាម​ និងកូនត្រី៣ម៉ឺនក្បាល ចូលអាងទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុក
Sat,05 July 2025 (Time 08:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

កែប៖ ត្រីមេពូជចំនួន៣០គ.ក រួមមានត្រីឆ្ពិន ត្រីអណ្តែង ត្រីក្រាញ់ ជាដើម និងកូនត្រីចម្រុះប្រមាណ៣ម៉ឺនក្បាល ត្រូវបានលែងចូលអាងទឹកទំនប់រនេស ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីអបអរទិវាមច្ឆជាតិ ១កក្កដា និងដើម្បីបង្កើនផលត្រីស្តុកនៅតាមអាងទឹកធម្មជាតិ។

នេះបើតាមការបញ្ជាក់ពីលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លើកឡើងនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥។ ពិធីនេះបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និង​ឯកឧត្ដម​ លោកជំទាវ​ សមាជិក​ក្រុមប្រឹក្សាខេត្ត​​ អភិបាលរងខេត្ត​ តំណាង​សាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ សាលា​ស្រុកដំណាក់ចង្អេីរ​ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។

នាឱកាសនោះឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងការកោតសរសើរការខិតខំរបស់អភិបាលរងទទួលបន្ទុក ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំបានយ៉ាងល្អក្នុងការប្រារព្ធនូវពិធីនេះ។ ឯកឧត្តមរំពឹងថា តាមរយៈត្រីមេពូជ និងកូនត្រីដែលយើងលែងនាពេលនេះ និងជួយទៅបន្ថែមបរិមាណត្រីរបស់យើងក្នុងអាងទឹកនេះ ដែលជាប្រយោជន៍សម្រាប់ប្រជាជននៅតំបន់នេះ។

ស្របតាមកំណើនអ្នកទេសចរចូលមកលេងខេត្តកែប​ បន្តកើនឡើង ម្ហូបអាហារជាតម្រូវការចាំបាច់បំផុត  ក្នុងនោះឯកឧត្តម ជំរុញអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មឲ្យបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងធំ តាមតំបន់ដែលមានសក្តានុពល ទាំងទឹកសាប ទឹកប្រៃ ដើម្បីផ្គត់ផ្គង់តម្រូវការអាហារ ពិសេសសាច់ត្រីជាអាហារសុវត្ថិភាព ក្នុងគោលបំណងកាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ និងធានាបាននិរន្តរភាពជីវចម្រុះសមស្រប។ ក្រៅពីនោះឯកឧត្តមណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ពង្រឹងក្នុងការទប់ស្កាត់នូវបទល្មើសនេសាទគ្រប់ប្រភេទទាំងទឹកសាប និងទឹកប្រៃ។

តាមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បញ្ជាក់ថា រយៈពេល៦ខែក្នុងឆ្នាំ២០២៥នេះ ប្រជានេសាទខេត្តកែប ប្រមូលផលនេសាទទឹកសាបស្រស់ចំនួន៦៥តោន និងផលនេសាទសមុទ្រស្រស់ចំនួន ២៧៧៧តោន៕

វីដែអូ