ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តកែប៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមមួយសម្រាប់អ្នកប្រើបណ្តាញសង្គម ហើយយុវជនជាក្រុមងាយទទួលរងឥទ្ធិពលជាងគេ
Thu,12 June 2025 (Time 03:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

កែប: ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅ លើបណ្តាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌ លើរាជរដ្ឋាភិបាល ឬមានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។ ក្នុងនោះព័ត៌មានក្លែងក្លាយមាន៣ប្រភេទ មានព័ត៌មានក្លែងបន្លំ  ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងដូចនេះ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News! នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមដោយឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម​ តំណាងសាលាដំបូងខេត្ត​ តំណាង​អយ្យ​ការអមសាលាដំបូងខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត នាយក​ នាយក​រងរដ្ឋបាលសាលាខេត្ត​ លោក​ឧត្តម​សេនីយ៍​ វរសេនីយ៍ត្រី​ តំណាងកងកម្លាំងទាំងបី ប្រធាន​ ប្រធានស្ដីទី​ មន្ទីរអង្គភាពជុំវិញខេត្តកែប រដ្ឋ​បាល​ក្រុង​ ស្រុក​ មេឃុំ​ ចៅសង្កាត់​ មេភូមិ​ ក្រុមយុវជន សិស្សនិស្សិត​ និងអ្នកសារព័ត៌មានសរុបប្រមាណជិត៤០០នាក់ នៅសាលប្រជុំសេះសសាលាខេត្តកែប។

​  ឯកឧត្តម​បណ្ឌិត​ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនេះបានរំខានដល់សណ្តាប់ធ្នាប់នយោបាយ និងសង្គមនៅជុំវិញពិភពលោក និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។ ក្នុងនោះបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មាន ដែលមានចរិកបំភាន់ និងបំពុលសង្គមហើយងាយបោកប្រាស់ប្រជាពលរដ្ឋ។ បើតាមកំណត់ត្រារបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ មានការបង្កើតព័ត៌មានក្លែងក្លាយចំនួន ៣៦៥១ មានការកើនឡើងរហូត១៤%  បើធៀបឆ្នាំ២០២៣ មានចំនួន៣២០៨។

ក្នុងនោះឯកឧត្តម គាំទ្រនូវយុទ្ធនាដែលដាក់ចេញដោយក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ឯកឧត្តមបានបន្តណែនាំដល់មន្ទីរព័ត៌មានខេត្តកែប ឲ្យបន្តធ្វើយុទ្ធនាការនេះ អោយបានសស្រាក់សស្រាំរហូតដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបញ្ជ្រាបពីបញ្ហាព័ត៌មានក្លែងក្លាយនេះដល់ប្រជាពលរដ្ឋទូទៅ។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងថា ក្រសួងព័ត៌មានបានដាក់ចេញឲ្យអនុវត្តន៍នូវ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទូទាំងប្រទេសរយ:ពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥​ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ដោយឡែកសម្រាប់មន្ទីរព័ត៌មានខេត្តកែប កំពុងអនុវត្តន៍នូវយុទ្ធនាការនេះ តាមរយ:ការចុះសម្ភាសន៍ប្រជាពលរដ្ឋ មន្រ្តីរាជការ ចុះចងបដាពាក្យស្លោកតាមមូលដ្ឋាន ហើយមន្ទីរនឹងបន្តធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកែប៕(ស៊ុប អះម៉ាត់)

វីដែអូ