កែប៖ សមាគមមនុស្សចាស់ មានកិច្ចការស្នូលគឺដើម្បីលើកទឹកចិត្ត និងជម្រុញមនុស្សអោយជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ជីវភាព និងសេចក្ដីថ្លៃថ្នូរនៃមនុស្សចាស់ ដូចនេះសមាគមមនុស្សចាស់ខេត្ត ត្រូវជួយជម្រុញបន្តដល់សមាគមមនុស្សចាស់ឃុំ សង្កាត់ ប្រឹងប្រែងបំពេញកិច្ចការឲ្យកាន់តែប្រសើរឡើង និងមាននិរន្ដភាពដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់ អោយមានលក្ខណៈល្អប្រសើរ។នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការជម្រុញនិងពង្រឹងមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។ ឯកឧត្តម អេង ចំរើន បានបញ្ជាក់ថា ការពង្រឹងអោយសមាគមមនុស្សចាស់ ឃុំ សង្កាត់ ឲ្យដំណើការកាន់តែប្រសើរឡើង និងមាននិរន្ដភាព ពោលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា “ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាជម្រុញសមាគមមនុស្សចាស់នៅទូទាំងប្រទេសអោយដំណើការ និងមាននិរន្ដភាព”។ដើម្បីអោយសមាគមមនុស្សចាស់ ឃុំ សង្កាត់ ក្នុងមូលដ្ឋានខេត្តកែប ទទួលបានការថែទាំត្រឹមត្រូវ មានប្រសិទ្ធភាព ឯកឧត្តម បានជម្រុញដល់ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងលើបញ្ហាមនុស្សចាស់ និងមេត្តាចូលរួមជួយផ្សព្វផ្សាយ ពិនិត្យ តាមដាន កៀរគរមូលនិធិ និងជួយជម្រុញបន្ថែម ដើម្បីអោយសមាគមមនុស្សចាស់ ឃុំ សង្កាត់ នៅក្នុងខេត្តកែប ដំណើការកាន់តែប្រសើរឡើង ជាពិសេសចូលរួមសហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប និងនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ដើម្បីជួយដល់មនុស្សចាស់ដែលកំពុងជួបប្រទះបញ្ហាប្រឈម។ចូលរួមក្នុងកិច្ចប្រជុំខាងលើ លោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានរបាយការណ៍ថា រដ្ឋបាលខេត្ត បានកែសម្រួលសមាសភាពអនុគណៈកម្មាធិកា ដើម្បីមនុស្សចាស់មូលដ្ឋានខេត្ត និងបានបង្កើតសមាគមមនុស្សចាស់ចំនួន៥ ឃុំ សង្កាត់ ទូទាំងខេត្ត ដែលមានសមាជិកសរុបចំនួន ១៧៣នាក់ ស្រី ១៣០នាក់៕អត្ថបទ៖ លោក សេស សង់ មន្ទីរព័ត៌មានខេត្តកែប
វីដែអូ