កែប៖ ផលិតផលដែលមានសក្តានុពល របស់ខេត្តកែបចំនួន៥មុខ ការនាំចេញកើនឡើងលើទីផ្សារនាឆ្នាំ២០២៤ មានដូចជា ម្រេច ស្វាយកែវរមៀត អំបិល ផលនេសាទសមុទ្រ និងទឹកត្រី ដោយសន្ទុះនៃការនាំចេញលើទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង សុទ្ធតែមានការកើនឡើង។នេះបើតាមរបាយការណ៍ របស់លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត នៅសាលប្រជុំតូចសាលាខេត្តកែប នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។យោងរបាយការណ៍របស់លោកដដែលបានបញ្ជាក់ថា ឆ្នាំ២០២៤ ទំនិញដែលបាននាំចេញផលិតផល ក្នុងខេត្ត មានស្វាយកែវរមៀតក្នុងបរិមាណ 21,810 តោន ប្រៀបធៀបឆ្នាំ ២០២៣កើន6,370តោន ស្មើនឹង41% ស្រូវចម្រុះក្នុងបរិមាណ260តោន ប្រៀបធៀបឆ្នាំ២០២៣ កើន10តោន ស្មើនឹង4% ទឹកត្រី 123,455លីត្រ ប្រៀបធៀបឆ្នាំ២០២៣ កើន400លីត្រ ស្មើនឹង0.3% អំបិល មានចំនួន 37,633តោន កើន34,214 តោន ស្មើនឹង1,000%ដោយឡែកសម្រាប់ម្រេច(GIកំពត) ក្នុងឆ្នាំ២០២៤ នាំចេញបានចំនួន 34.1 តោន បើធៀបឆ្នាំ២០២៣ ថយចុះ 17.41តោន ស្មើនឹង34% (ដោយសារកត្តាអាកាធាតុក្ដៅអូសបន្លាយពេលយូរ ធ្វើឲ្យទិន្នផល ម្រេចធ្លាក់ចុះ)។ អញ្ជើញជាអធិបតី តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត បានធ្វើការកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពាណិជ្ជកម្ម និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរពាណិជ្ជកម្មខេត្តកែប ដែលប្រឹងប្រែងបំពេញភារកិច្ចរហូតទទួលបានសមិទ្ធផលល្អ និងបំពេញមុខងារ ជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត នាឆ្នាំ២០២៤ កន្លងទៅនេះ។ ក្នុងនោះ លោកអភិបាលរងខេត្ត បានដាក់ទិសដៅ សំខាន់ៗ មួយចំនួន ជម្រុញដល់ការអនុវត្តទិសដៅ និងផែនការសកម្មភាព ការងារពាណិជ្ជកម្មឆ្នាំ២០២៥ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះមន្ទីរត្រូវសហការជាមួយបណ្ដាមន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក និងគ្រប់ភាគីពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ និងប្រមូលទិន្នន័យ អាជីវកម្ម ពាណិជ្ជកម្ម ទំនិញយុទ្ធសាស្រ្ដតម្លៃទំនិញលើទីផ្សារដោយសុក្រឹត បន្ដពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងជម្រុញទីផ្សា សម្រាប់កសិកម្មខ្នាតតូចជំហាន២ បន្ដសហការជាមួយសាខា ក.ប.ប ខេត្ត សមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្ការទប់ស្ដាត់ និងបង្រ្កាបការដាក់លក់នៅលើទីផ្សារ នូវទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់៕
វីដែអូ