កែប៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា " តិចណូ " បង្កើតសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានទីតាំងស្ថិតនៅ ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយដាក់ឈ្មោះថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុនសែន ចំការដូង (ខេត្តកែប) ដោយធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ក្នុងដេប៉ាតឺម៉ង់ ដែលមានស្រាប់ ក្នុងនោះមានជំនាញ អគ្គិសនី និងថាមពល, ជំនាញសំណង់ស៊ីវិល, ជំនាញគីមី និងចំណីអាហារ, និងជំនាញគ្រប់គ្រងទឹក។ ក្នុងនោះដែរ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈគ្រងគ្រងវិទ្យាស្ថានកម្ពុជា ដើម្បីស្វែងរកការគាំទ្ររវាងគ្នាទៅវិញទៅមក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អមដោយគណៈប្រតិភូ និងបានការចូលរួមពីអភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ផ្តល់បទសម្ភាសន៍បន្ទាប់ពីជំនួបពិភាក្សា ឯកឧត្តម ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សម្រាប់សាខានៅខេត្តកែប យើងនឹងចាប់ផ្តើមប្រកាសទទួលពាក្យ ចុះឈ្មោះចូលរៀន ចាប់ពីខែតុលា ឆ្នាំ២០២៤នេះ ជាទិសដៅយើងបានដាក់នូវជំនាញ៤សំខាន់ ដោយយើងមើលឃើញពីតម្រូវការការងារខ្ពស់សម្រាប់និស្សិតរបស់យើងក្រោយបញ្ចប់ការសិក្សា ជាពិសេសផ្តល់ឱកាសខ្ពស់សម្រាប់យុវតី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្មវិធីសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុនសែន ចំការដូង (ខេត្តកែប) គឺយើងធានាបានគុណភាពសិក្សាដូចនៅភ្នំពេញដែរ។ (ដាក់សម្លេងនាយកវិទ្យាស្ថាន) ផ្តល់បទសម្ភាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ដែរថា នេះជាមោទនភាពសម្រាប់ខេត្តកែប ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តអោយខេត្តកែបមានគ្រឹះស្ថានឧត្ដមសិក្សា ដើម្បីផ្ដល់ការអប់រំកម្រិតឧត្ដមសិក្សាជូនសិស្ស និស្សិត នៅខេត្តកែប ហើយនេះជាសមិទ្ធផលប្រវត្តិសាស្រ្តដែលខេត្តពុំធ្លាប់មានឡេីយ។ (សម្ភាសន៍ អភិបាលខេត្តកែប) យ៉ាងណាឯកឧត្តម អំពាវនាវអោយអាណាព្យាបាល ពិសេសសិស្សានុសិស្ស ចាប់អារម្មណ៍មកសិក្សាលើជំនាញទាំងនេះ ក្នុងវិទ្យាស្ថានបច្ចេកវិទ្យា សាខាខេត្តកែប ដើម្បីទទួលបាននូវជំនាញមួយដែលច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការការងារ ពិសេសនៅខេត្តកែប លោកធានាបាននូវ សណ្តាប់ធ្នាប់ និងសន្តិសុខល្អ ដែលអាណាព្យាបាលអាចជឿទុកចិត្តបាន៕
វីដែអូ