ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ថ្នាក់ដឹកនាំមន្ទីរអង្គភាពត្រូវបន្តប្រពៃណីចែករំលែកសម្ភារៈ និងថវិកាដល់មន្ត្រីនៅថ្ងៃបុណ្យប្រពៃណីជាតិ
Sun,29 September 2024 (Time 02:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ឯកឧត្តមស្នើដល់ប្រធានមន្ទីរ អង្គភាពនានានៅក្នុងខេត្ត សូមរក្សាប្រពៃណីដូនតា ពិសេសសូមបន្តវប្បធម៌ចែករំលែក របស់កំដរដៃមានសម្ភារៈ និងថវិកាជាដើមដល់មន្ត្រីក្រោមឱវាទ ដើម្បីយកទៅសំពះជូន ដល់ឱពុកម្តាយ ដូនតា ពេលទៅលេងស្រុកកំណើត ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យប្រពៃណីជាតិធំៗ មានដូចជាបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំជាដើម។
.....................................
ថ្លែងនៅក្នុងពិធីសំណេះសំណាល់ជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា  រយៈពេល៣ឆ្នាំគត់ ដែលឯកឧត្តមបានមកធ្វើជាអភិបាលខេត្តកំពត  ហើតាមការសង្កេត ពីមួយឆ្នាំទៅមួយឆ្នាំ បងប្អូនមន្ត្រីរាជការសាលាខេត្ត ក៏ដូចមន្ទីរអង្គភាពជុំវិញខេត្ត បានបំពេញការងារកាន់តែល្អប្រសើរ។ មកដល់បច្ចុប្បន្ន ឯកឧត្តម មិនដែលទទួលបាននូវពាក្យបណ្ដឹង ឬការថ្នាំងថ្នាក់ក្នុងការបម្រើសេវា ដល់ប្រជាពលរដ្ឋនោះទេ។  ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលមន្ត្រីបាននិងកំពុងធ្វើ ជារឿងប្រពៃខ្លាំងណាស់  ព្រោះការបម្រើដល់ប្រជាពលរដ្ឋ ពូជពង្សវង់ត្រកូល មានឈាមជ័រជាខ្មែរ បានល្អ  បានន័យថាមន្ត្រីយើងទី១. បានអនុវត្តច្បាប់បានល្អ   ទី២. បានសង់គុណដល់ទឹកដីកំណើរ  ដោយផ្អែកលើការតម្កល់កិត្តិយស  តម្លៃច្បាប់  តម្លៃមនសិការ និងការតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលមានតម្លៃគ្រប់គ្រាន់ជាមន្ត្រី ។
ឯកឧត្តម ម៉ៅធនិន បានបញ្ជាក់ទៀតថា កម្មវិធីថ្ងៃនេះ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីផង និងដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតា  តាមរយៈការផ្តល់ជូននូវសម្ភារៈ និងថវិកា កំដរដៃ ដល់មន្ត្រីដើម្បីយកទៅសំពះជូន ដល់ឱពុកម្តាយ ដូនតា ពេលទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យភ្ជុំនេះផង ។ ឯកឧត្តម ស្នើដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ត្រូវយកគំរូតាមអ្វីដែលឯកឧត្តមបានធ្វើនៅពេលនេះ និងពេលកន្លងមក ទោះតិចឬច្រើនក្តី សូមកុំឲ្យខកខាន ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានស្នើដល់មន្ត្រីទាំងអស់ត្រូវរស់នៅក្នុងភាពប្រុងប្រយ័ត្ន និងត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យប្រពៃណី ត្រូវចេះស្លៀកពាក់ឲ្យបានសមរម្យ ចេះឱនលំទោន គោរពចាស់ទុំ ចេះប្រមូលផ្តុំញាតិមិត្តទៅវត្ត ធ្វើបុណ្យសន្សំកុសល និងថែប្រពៃណីជាតិ។ ជាងនេះទៅទៀតសូមឲ្យមន្ត្រីរាជការសាលាខេត្ត ជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ ជួយផ្សព្វផ្សាយ និងអប់រំ ពន្យល់ណែនាំ ដល់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្ត សូមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ ស្មោះត្រង់ក្នុងការផ្តល់សេវាជូនដល់ភ្ញៀវទេសចរ  ពិសេសសូមកុំតម្លើងថ្លៃឲ្យសោះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ៕

វីដែអូ