កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតប បានគ្រប់ជ្រុងជ្រោយទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកដែលងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើត រហូតដល់មរណភាព ជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមឲ្យមានភាពធន់ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឲ្យល្អប្រសើរ។ មានប្រសាសន៍នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការអនុវត្តកម្មវិធីអាហារូបករណ៍សិស្ស ក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពត ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ណែនាំជំរុញការអនុវត្តកម្មវិធីមូលនិធិជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតបបានគ្រប់ជ្រុងជ្រោយ ទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកដែលមានភាពងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើត រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមឲ្យមានភាពធន់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ឯកឧត្តមបញ្ជាក់ថាកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានអនុវត្តជាផ្លូវការនៅ ខែមេសា ឆ្នាំ២០២៤ ហើយបានដំណើរការចុះឈ្មោះផ្តល់ប្រាក់ឧបត្ថម្ភគោល សម្រាប់គ្រួសារមានបណ្ណសមធម៌ និងសមាជិកគ្រួសារដែលងាយរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាអាយុ ៦០ឆ្នាំឡើង ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៏។ មូលនិធិជាតិជំនួយសង្គម បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៥លើកមកហើយ។ ដោយឡែក កម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នឹងបញ្ចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅដើមឆ្នាំ២០២៥ខាងមុខនេះ ក្នុងគោលបំណង បន្តផ្តល់ការលើកទឹក ចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលា និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅ។លោក ខាន់ សុខា អភិបាលរងខេត្តកំពត ក៏បានចាត់ទុកវគ្គបណ្ដុះបណ្ដាល នេះពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម លើកកម្ពស់ និងអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងសុខុមាលភាពប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៥០៕
វីដែអូ