មន្ត្រីជំនាញបានបញ្ជាក់ថា ខេត្តកែបបាននិងកំពុងអនុវត្តយុទ្ធនាការ “ពន្លកបៃតង” របស់ក្រសួងបរិស្ថាន។ ឆ្នាំ២០២៤នេះ មន្ទីរបរិស្ថានបានបណ្តុះកូនឈើជាង២ម៉ឺនដើម និងបានចែកនិងដាំកូនឈើបានជាង១ម៉ឺនដើមហើយ។ មន្ទីរនៅតែបន្តចែក និងជំរុញឲ្យពលរដ្ឋដាំដើមឈើឡើងវិញ ដើម្បីចូលរួមបង្កើតដីគម្រប់ព្រៃឲ្យបាន៦០% នៅឆ្នាំ២០៥០ ក៏ដូចជាទប់ស្កាត់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ប្រធានមន្ទីរបរិស្ថានខេត្តកែប លោក អិន សៅ បានប្រាប់ឲ្យដឹងថា កន្លងមកក្រសួងបរិស្ថានបានធ្វើយុទ្ធនាការសំខាន់២, ទី១ ការកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងទី២ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ហើយថ្មីៗនេះ ក្រសួងបានដាក់ចុះយុទ្ធនាការទី៣ “ពន្លកបៃតង់” ដោយគ្រោងចែកកូនឈើ១លានដើមក្នុង១ឆ្នាំ។ ហើយយុទ្ធនាការនេះ ខេត្តកែបក៏បាននឹងកំពុងអនុវត្តយ៉ាងស្វាហាប់ និងផុសផុល ដោយមន្ទីរបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើប្រណិត និងឈើលម្អបានជាង២ម៉ឺនដើមនៅក្នុងឆ្នាំ២០២៤នេះ ។លោកបានបន្តទៀតថា នៅក្នុងយុទ្ធនាការនេះ មន្ទីរបារិស្ថានបានចែកជូនកូនឈើដោយឥតគិតថ្លៃដល់ មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ពិសេសប្រជាពលរដ្ឋ យកទៅដាំបានចំនួនជាង១ម៉ឺនដើមរួចមកហើយ។លោកបានបញ្ជាក់ថាមន្ទីរនៅតែបន្តចែក និងជំរុញឲ្យពលរដ្ឋដាំដើមឈើឡើងវិញ ដើម្បីចូលរួមបង្កើតដីគម្រប់ព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ក៏ដូចជាទប់ស្កាត់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។មន្ត្រីជំនាញខេត្តកែបបានបញ្ជាក់ថា ក្រៅពីមានឧទ្យានជាតិព័ណ៍បៃតងនៅកណ្តាលក្រុង កែបជាខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនឪដើម ដែលធ្វើឲ្យខេត្តនេះមានភាពទាក់ទាញទេសចរខ្លាំង នៅរដូវក្ងោកផ្កា ខណៈដែលឧត្តមអភិបាលខេត្តមានចក្ខុវិស័យប្រែក្លាយខេត្តកែប ជាក្រុងធម្មជាតិ និងខេត្តជាគោលដៅទេសចរណ៍បៃតង ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”៕
វីដែអូ