ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនដើម
Fri,26 July 2024 (Time 02:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

មន្ត្រីជំនាញផ្នែកបរិស្ថានខេត្តកែបបានបញ្ជាក់ថា  កែបជាខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនដើម។ ដើមក្ងោកហាក់បីដូចជារុក្ខជាតិបញ្ជាក់អត្តសញ្ញាណរបស់ខេត្តកែប  ហើយទេសចរតែងតែមកពីគ្រប់ទិសទីដើម្បីទស្សនា និងថតរូបអនុស្សាវរីយ៍នៅរដូវក្ងោកផ្កា។មន្ត្រីជំនាញជំរុញឲ្យមន្ទីរ អង្គភាព ស្ថានប័នរដ្ឋ និងឯកជន ពិសេសពលរដ្ឋបន្តដាំដើមក្ងោកបន្ថែម។
ប្រធានមន្ទីរបរិស្ថានខេត្តកែប លោក អិន សៅ បានប្រាប់ឲ្យដឹងថា ផ្អែកតាមចក្ខុវិស័យដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត  នឹងធ្វើឲ្យក្រុងកែបក្លាយជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតង។ ដោយឡែក អ្វីដែលគេកត់សំគាល់ និងចាប់អារម្មណ៍បំផុត គឺខេត្តកែបសំបូរទៅដោយដើមក្ងោកដុះអមតាមដងផ្លូវនានាទូទាំងខេត្ត។ លោកបានបន្ថែមថា កែបជាខេត្តដែលមានដើមក្ងោកច្រើនជាងគេនៅទូទាំងប្រទេស កែបបានក្លាយជាទីក្រុងផ្កាក្ងោកដែលមានសម្រស់ឆើតឆាយ និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យមកទស្សានា នៅរដូវក្ងោកផ្កា ចន្លោះខែមីនា ដល់ ខែសីហា។ ហើយក្ងោករាប់រយដើមបានដាំបន្ថែម នៅតាមដងផ្លូវនានា ក្នុងរដូវវស្សាឆ្នាំនេះ។

លោកប្រធានមន្ទីរបានបន្តថា ចំពោះដើមឈើលម្អក្រៅពីបានដាំដើមក្ងោកទៅ  រដ្ឋបាលខេត្តក៏បានដាំដើម លឿងរាជ ភួងម៉ាឡៃ និងប្រភេទដើមផ្កាសាកុរ៉ាផងដែរ ដើម្បីធ្វើឲ្យមានផ្កាចម្រុះព័ណ៍នៅរដូវផ្ការីក។ លោកប្រធានមន្ទីរបានជំរុញលើកទឹកចិត្ត ដល់មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមចូលរួមដាំ និងអភិរក្សធនធានមានស្រាប ពិសេសព្រៃឈើតំបន់ឧទ្យានជាតិកែប។

គួររំលឹកថាក្រសួងទេសចរណ៍បានដាក់ចេញនូវសៀវភៅផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥  ក្នុងចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”ដោយប្រកាន់យកគោលការណ៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ។ ហើយសម្រាប់ឆមាសទី១ឆ្នាំ២០២៤ ខេត្តកែបបានទាក់ទាញទេសចរឲ្យមកកម្សាន្តប្រមាណជាង៨១ម៉ឺននាក់ ៕

វីដែអូ