ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមបណ្ដិត សោម ពិសិដ្ឋ មានប្រសាសន៍ថា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខេត្តកែបនឹងរៀបចំពិធីអោយអធិកអធម ជាមួយអ្នកចូលរួម៣ពាន់នាក់
Thu,25 July 2024 (Time 07:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

កែប៖ ដើម្បីអោយពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ​២០២៤​ ខាងមុខនេះ មានភាពអធិកអធម រដ្ឋបាលខេត្តកែប បានត្រៀមរៀបចំកម្មវិធីជាច្រើន ដូចជាការប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រូច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាមួយអ្នកចូលរួមប្រមាណ៣ពាន់នាក់ ជាពិសេសរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ និងអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា​ និងលេីកទិសដៅអនុវត្ត​ការងារខែបន្ទាប់​ ឆ្នាំ​២០២៤​ របស់រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់ លោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​តំណាង​កងលាំងទាំងបី​ ប្រធានមន្ទីរអង្គភាពជុំវិញ​ អភិបាល​ក្រុង​ ស្រុក​ និងមន្ត្រី​រាជចំណុះអោយរដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ​ បានលើកឡើងថា ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តបួន ដែលព្រែកជីកហ្វូណន ឆ្លងកាត់ ដូច្នេះ នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្តជាដើម ដែលនឹងមានការចូលពីមន្ត្រីរាជការ កងកម្លាំង យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់ ពោលគឺធ្វើយ៉ាងណា ឲ្យកម្មវិធីអបអរសាទរប្រព្រឹត្តិទៅអធិកអធមបំផុត ។

ឯកឧត្តមបានបន្តទៀតថា ដើម្បីឲ្យការផ្សព្វផ្សាយបានទូលំទូលាយ រដ្ឋបាលខេត្តបាន នឹងកំពុងបន្តរុះរើស្លាកប៉ាណូ ស្រាបៀរនៅតាមដងផ្លូវសំខាន់ចេញ និងជំនួសវិញដោយស្លាកប៉ាណូគាំទ្រ និងអបអរសាទរ ការបើកការ ដ្ឋានគម្រោង ព្រែកជីកហ្វូណនតេជោ។ ហើយអាជ្ញាធរក្រុងស្រុកត្រូវចុះទៅពិនិត្យ និងចូលរួមអនុវត្តឲ្យបានឆាប់រហ័ស។ ទទ្ទឹមគ្នានោះ ស្រុកដំណាក់ចង្អើរដែលជាស្រុកព្រែកជីហ្វូណនឆ្លងកាត់ ក៏ត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល  ហើយក្បូនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នឹងដង្ហែទៅជួបជុំគ្នានៅទីនោះ។
(ប្រសាសន៍អភិបាលខេត្តកែប)

បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា ការរៀបចំទង់ជាតិ ទង់ជ្វាលានៅតាមដងផ្លូវសំខាន់ៗ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែសីហាខាងមុខ ខណៈដែលនៅតាមទីអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ៕

វីដែអូ