ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។បើយោងតាមរបាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មួយត្រីមាសកន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងសកម្មកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តែងតែបានចុះរៀបចំការជួបប្រជុំ និងការធ្វើវេទិកាសាធារណៈ បានធ្វើឱ្យក្រុមការងារ ក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបញ្ហាទាំងអស់នេះ ក៏ត្រូវបានក្រុមការងារធ្វើការពន្យល់ បកស្រាយ និងដោះស្រាយតាមលទ្ធភាព និងសមត្ថកិច្ចរបស់ខ្លួននៅនឹងកន្លែង និងជាបន្តបន្ទាប់។ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងត្រូវផ្តល់សេវាសាធារណៈផ្សេងៗ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល ជាពិសេសគឺធានាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ត្រូវសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម ដោយចុះជួយមូលដ្ឋាន ឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តជំរុញនិងលើកទឹកចិត្តផ្សព្វផ្សាយឌីជីថល ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋាន។គួរបញ្ជាក់ជូនថា ការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕
វីដែអូ