កែប៖ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសេះស នៃសាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែបអាណត្តិថ្មី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក សមាជិការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តអាណត្តិថ្មី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអ្នកពាក់ព័ន្ធជាច្រេីនរូប។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត ពិសេសការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ជាពិសេសឯកឧត្តមបានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត អាណត្តិថ្មីនេះផងដែរ។ឯកឧត្តមបណ្ឌិត សាយ សំអាល់ បានប្រគល់ព្រះរាជក្រឹត្យទទួលស្គាល់ជូនដល់ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិ៤ថ្មី និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាទាំង១៤រូប។ ជាមួយគ្នានេះដែរឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យសមាជិក សមាជិកាទាំងអស់ ក៏បានឡើងធ្វើការប្តេជ្ញាចិត្តផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានមានប្រសាសន៍ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ឯកឧត្តម ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តកែប ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍ខេត្តកែប អោយរីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕
វីដែអូ