កែប: សមិទ្ធផលដែលមន្ទីរសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមកនេះ បញ្ជាក់អោយឃើញអំពីការខិតខំសម្រេចបាននូវចំណុចអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកិច្ចការសាងសង់ ថែទាំ ជួសជុល ផ្លូវ ស្ពាន នានាក្នុងការផ្ដល់សេវាខិតទៅកាន់តែជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពី កងកម្លាំងទាំងបីប្រភេទ លោក/លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនផងដែរ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បន្ថែមថាក្រៅតែពីសមិទ្ធផលធខាងលើ មន្ទីរអនុវត្តន៍បានយ៉ាងល្អ ក្នុងការចុះបញ្ជីការ និងការផ្ដល់ប័ណ្ណយានយន្ដ ការគ្រប់ការងារដឹកជញ្ជូន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ លើសកម្រិតកំណត់ ការត្រួតពិនិត្យយានយន្ដកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស ការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពីចារាចរណ៍ផ្លូវគោក និងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ផងដែរ។ជាមួយគ្នានេះឯកឧត្តមបណ្ឌិត បានដាក់ចេញនូវអនុសាសន៍ សំខាន់ៗមួយចំនួន ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីយកទៅអនុវត្ត ដោយត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យបច្ចេកទេសសាងសង់ ថែទាំ ជួសជុល ស្ពាន ផ្លូវ អោយបានរឹងមាំ, បន្ដគាំទ្រ និងជម្រុញ គណៈកម្មការត្រួតពិនិត្យ យានយន្ដ ដឹកជញ្ជូនលើសទំងន់កម្រិត អ្នកពាក់ព័ន្ធ គណៈកម្មការត្រួតពិនិត្យយានយន្ដកែឆ្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ អោយបានដាច់ខាតនូវការដឹកជញ្ជូនលើកទំងន់ និងកាត់បន្ថយគ្រោះថា្នក់ចារាចរណ៍ជាអតិបរិមារ និងខិតខំសម្រេចអោយបាននូវផែនការមេ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើវិស័យសាធារណការ និងដឹកជញ្ជូន ជាដើម។យោងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បញ្ជាក់ថា លទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ ចែកចេញជា២វិស័យសំខាន់ៗ ១.វិស័យសាធារណការ រួមមាន៣គម្រោង គឺ គម្រោងថែទាំខួប មាន២គម្រោង, គ្រោងថែទាំប្រចាំ និងគម្រោងបន្ទាន់ មានចំនួន២គម្រោង, គម្រោងរបស់ដៃគូរអភិវឌ្ឍន៍នានា ចំនួន ២គម្រោង, ២.វិស័យដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានចុះបញ្ជីរថយន្ដ ១៨គ្រឿង បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, យុទ្ធនាការអនុវត្តរឹតបន្ដឹង ការពាក់មួកសុវត្តិភាព និងយុទ្ធនាការបិទស្ទិកគ័រ ចំនួន១៦លើក, ការត្រួតពិនិត្យយានយន្ដកែឆ្នៃ ខុសលក្ខខណ្ឌបច្ចេកទេស ចំនួន ៥៣៣គ្រឿង, ចំនួនគ្រោះថ្នាក់ចារាចរណ៍ក្នុងឆ្នាំ២០២៤ កើនឡើង៣៤លើក និងការងារសំខាន់ៗមួយចំនួនទៀត៕
វីដែអូ