ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
Wed,04 December 2024 (Time 11:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ យឹម​ សុខុម​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម​ ជាម​ ច័ន្ទសោភណ្ឌ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ យឹម​ ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

នាឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល​ សម្រាប់ប្រជាកសិករ​ និងអ្នកប្រេីប្រាស់​ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី​ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ​ ដែលជាជំនួយការបច្ចេកទេស​របស់ប្រជាកសិករ​ និងការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដេីមផលិត​ មានផែនការច្បាស់លាស់​ មានធនធានគ្រប់គ្រាន់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ និងមានស្តង់ដាការងារត្រឹមត្រូវ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី​ បានបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលលោកប្រធានមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺ ​ត្រូវយកចិត្តទុកដាក់​ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ​ និងកំណត់អាទិភាពឱ្យចំគោលដៅ​ អនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ​ ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម​ ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ​ ឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាជន​ ចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា​ និងសហការធ្វេីការរួមគ្នាជាមួយក្រសួងកសិកម្ម​និងអាជ្ញាធរខេត្ត​ ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ​ ជាពិសេសត្រូវមានសាមគ្គីភាព​ផ្ទៃក្នុង និងមានភាពជាអ្នកដឹកនាំ។

ពាក់ព័ន្ធនឹងការងារនយោបាយ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍លេីកទឹកចិត្តឱ្យចូលរួម​យ៉ាងសកម្ម​ និងមានចិត្ត​ មានបេះដូងក្នុងការលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន​ ជាពិសេស​ត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតី​ ឬការវាយប្រហារណាមួយ​ ដោយត្រូវមានភស្តុតាងច្បាស់លាស់​ ពេញលេញ​ និងឆ្លេីយតបឱ្យចំគោលដៅ។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណ​ និងជូនពរដល់អង្គពិធី​ ទទួលបានជោគជ័យ​ មានលទ្ធផលល្អ​ និងសម្រេចគ្រប់ភារកិច្ចការងារ​ ក្រោមម្លប់សុខសន្តិភាព៕

វីដែអូ