ដើម្បីលើកស្ទួយសិល្បៈចម្រៀងខ្មែរ បុរាណ សម័យ និងបង្កភាពសប្បាយរីករាយដល់សាធារណៈជនដែលមកលេងកំសាន្តនៅខេត្តកែប ក្នុងពេលបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ និងអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ (៧ មករា ១៩៧៩-៧ មករា ២០២៥) មវន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយរដ្ឋបាលខេត្តកែប នៅរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ដែលប្រព្រឹត្តិទៅនៅមុខសួនច្បារខ្ញុំស្រលាញ់ខេត្តកែប។ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងទាំងបុរាណ និងសម័យសរុបមានចំនួន ២៧នាក់ ក្នុងនោះស្រី ១២នាក់។ បន្ទាប់ពីវគ្គចម្រុះលើវិញ្ញាសារប្រឡងចម្រៀងបុរាណ និងសម័យ បេក្ខជន បេក្ខនារី នៅសល់ចំនួន១២រូប ជាលទ្ធផល៖* ផ្នែកបុរាណ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន បុន អាត មកពីស្រុកកំពង់ត្រាច ខេត្តកំពត និងបេក្ខនារី ខាត់ ម៉ាឡៃ មកពីស្រុកបសេដ ខេត្តកំពង់ស្ពឺ ទទួលបានប័ណ្ណជ័យលាភី និងថវិកាម្នាក់ ៦០០,០០០៛, លេខ២បានទៅលើបេក្ខជន ហ៊ឹម ធារ៉ា និងបេក្ខនារី ហួត ឡាង ទទួលបានបណ្ណជ័យលាភី និងថវិកាម្នាក់ ៤០០,០០០៛, និងលេខ៣ បានទៅលើបេក្ខជន ម៉ម ធីម និងបេក្ខនារី អេង វណ្ណថង ទទួលបានបណ្ណជ័យលាភី និងថវិកាម្នាក់ ៣០០,០០០៛។* ផ្នែកសម័យ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន សុខ យុន មកពីស្រុកដងទង់ ខេត្តកំពត និងបេក្ខនារី អង់ លីណា មកពីស្រុកដងទង់ ខេត្តកំពត ទទួលប័ណ្ណជ័យលាភី និងថវិកាម្នាក់ ៦០០,០០០៛, លេខ២បានទៅលើបេក្ខជន កយ បូណា និងបេក្ខនារី សឹង មីនា ទទួលបានបណ្ណជ័យលាភី និងថវិកាម្នាក់ ៤០០,០០០៛ និងលេខ៣ បានទៅលើបេក្ខជន ឌិន សូនី និងបេក្ខនារី តន់ សុខា ទទួលបានបណ្ណជ័យលាភី និងថវិកាម្នាក់ ៣០០,០០០៛។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជ័យលាភីហើយ សូមបងប្អូនកូនក្មួយដែលជាបេក្ខជន បេក្ខនារីត្រូវបន្តប្រឹងប្រែងខិតខំ លើកស្ទួយនូវសិល្បៈវប្បធម៌ខ្មែររបស់យើង បង្ហាញដល់គ្រប់ស្រទាប់យុវវ័យ ដើម្បីលើកតម្កើងឲ្យពួកគាត់ចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បៈ វប្បធម៌ខ្មែរឲ្យបានគង់វង្ស ព្រោះថា វប្បធម៌មានតួនាទីសំខាន់ណាស់ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ ។ឯកឧត្តមបណ្ឌិត បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំស្វែងរកធនធានមនុស្ស ដែលមានសម្លេងពិរោះ មានទឹកដម ចូលរួមប្រកួត និងទទួលជ័យលាភី ជាពិសេសបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារលើកស្ទួយសិល្បៈចម្រៀងខ្មែរ ឲ្យទទួលបានជោគជ័យ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
វីដែអូ