កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ចនូវអត្ថន័យ នៃទិវាកំណើតរណសិរ្ស ២ ធ្នូ ក៏ដូចជាទិវា ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ជាមួយគ្នានេះយើងនឹងរួមគ្នាថែរក្សា និង ពង្រីករាល់សមិទ្ធផលសង្គមជាតិដែលកើតចេញពី ទិវាជាប្រវត្តសាស្ត្រទាំងពីរនេះ ឲ្យបានស្ថិតស្ថេរ គង់វង្ស និង អភិវឌ្ឍន៍រីកចំរើនជារៀងរហូត តាមរយៈការការពារអោយបានដាច់ខាតនូវ សន្តិភាព។ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងដូចនេះ ក្នុងមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ កំណើតរណសិរ្ស ២ធ្នូ ដែលបានធ្វើឡើងនៅសាលប្រជុំសេះស សាលាខេត្តកែប នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងសុន្ទរកថារបស់សម្តេចសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា យើងទាំងអស់គ្នាសូមប្រកាសជាឱឡារឹកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុត ពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេប៉ុន្តែរណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឲ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា ប្រជាជនយើងគ្រប់រូប សុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និង ជ័យជំនះ ៧ មករា ទេនោះ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ៕
វីដែអូ