ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ផ្លូវមួយខ្សែដែលតែងបង្កការលំបាក ពេលនេះបានបើកដ្ឋានសាងសង់ជាផ្លូវបេតុង​ ខណ:ដែលពលរដ្ឋក្នុងមូលដ្ឋានសប្បាយចិត្តជាមួយសមិទ្ធផលថ្មី
Thu,28 November 2024 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

កែប: ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកន្លងមកជួបការលំបាកដោយសារស្ថានភាពផ្លូវគ្រួសក្រហមមួយខ្សែ តែងរងការខូចខាតក្នុងរដូវវស្សា ពេលនេះត្រូវបានបើកការដ្ឋានសាងសង់ទៅជាផ្លូវបេតុង ប្រកបដោយគុណភាពរឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការ របស់ប្រជាជនជាក់ស្តែង និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ០១ខ្សែ ប្រវែង ៤១៦ ម៉ែត្រ ទទឹង៥ម៉ែត្រនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មានប្រសាសន៍លើកឡើងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានសេចក្តីរីករាយ ជាមួយប្រជាពលរដ្ឋនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងមួយខ្សែនេះ ក្នុងគម្រោងមូលនិធិក្រុងប្រចាំឆ្នាំ២០២៤ ជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកន្លងមកជួបការលំបាក។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ចំពោះអ្នកទូទៅយើងអាចមើលឃើញត្រឹមតែជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាកក្នុងការធ្វើ ដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ ដូច្នេះនៅពេលនេះម៉ោងនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរជាមួយសមិទ្ធផលនេះមិនថាតូចឬធំឡើយ។

ឯកឧត្តមបណ្ឌិត​ អភិបាលខេត្ត បន្តទៀតថា មកដល់ពេលនេះ ខេត្តកែប​ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដោយថ្មីៗនេះ ខេត្តកែបបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “វិថីតេជោសន្តិភាព​ ឆ្នេរអង្កោល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ​ រដ្ឋបាលខេត្ត​ បានខិតខំរៀបចំកែលម្អ និងជួសជុលទ្បើងវិញ នៅហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ឱ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ ផងដែរ៕

វីដែអូ