ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរស្រុកទឹកឈូប្តេជ្ញាចិត្តធ្វើឲ្យសាលាបឋមសិក្សាទាំង៤៥ក្លាយជាសាលារៀនស្អាតនិងមានគុណភាពខ្ពស់
Wed,27 November 2024 (Time 08:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

អភិបាលស្រុកទឹកឈូបានលើកទឹកចិត្តដល់នាយក នាយិកាសាលាបឋមសិក្សាទាំង៤៥នៅក្នុងស្រុក លោកគ្រូអ្នកគ្រូ និងគ្រូកិច្ចសន្យា ឲ្យរួមគ្នាកសាងមូលដ្ឋានគ្រិះនៃការអប់រំរបស់កុមារឲ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើជាគំរូល្អ មានសីលធម៌ សុជីវធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង រៀបចំអនាម័យបរិស្ថានសាលារៀនឲ្យបានស្អាត និងពង្រឹងគុណភាពការបង្រៀន ដើម្បីលើកកម្ពស់គុណភាពសិក្សាររបស់សិស្ស។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានមានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលគ្រូកិច្ចសន្យាចំណេះដឹងទូទៅ ឆ្នាំ២០២៥ និងនាយក នាយិកាសាលាបឋមសិក្សាទាំង៤៥កន្លែង នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ និងផ្ទេរមុខងារវិស័យអប់រំកម្រិតបឋមសិក្សា មកឲ្យរដ្ឋបាលក្រុងស្រុក ដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវលើគុណវឌ្ឍិមន្ត្រី បុគ្គលិកគ្រូបង្រៀន និងគុណភាពសិក្សារបស់សិស្សានុសិស្សកម្រិតបឋមសិក្សា។ ដូច្នេះដើម្បីកសាងមូលដ្ឋានគ្រិះ នៃការអប់រំកុមារឲ្យកាន់តែល្អប្រសើរ ទាមទាមានការចូលរួមពីអ្នកពាក់ព័ន្ធ មានអាណាព្យាបាលសិស្ស ពិសេសលោកគ្រូ អ្នកគ្រូ ដែលត្រូវធ្វើជាគំរូល្អ ផ្តល់នូវចំណេះដឹង សីលធម៌ សុជិវធម៌ គុណធម៌នៃការរស់នៅទាំងក្នុងសាលា និងក្នុងសង្គម តាមរយៈការរៀបចំសាលារៀនឲ្យស្អាត មានអនាម័យបរិស្ថានល្អ មានរបៀបរបប និងវិន័យក្នុងការបង្រៀន និងការរៀន ។    


លោកអភិបាលស្រុកបានរំលេចផងដែរថា ការប្រឡងជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាទាំង៤៧រូបធ្វើឡើងដោយសុក្រិត យុត្តិធម៌ ពឹងលើសមត្ថភាពទាំងស្រុង (អ្នកចេះ គឺជាប់ ) គ្មានការយោគយល់ទេ ទាំងពេលប្រឡងលើក្រដាសវិញ្ញាសា និងការធ្វើតេស្តសម្ភាសផ្ទាល់មាត់  ព្រោះរដ្ឋបាលស្រុកមិនអាចជ្រើសរើសយកគ្រូបដែលមិនគ្រប់លក្ខខណ្ឌ មកបង្រៀនដល់ក្មេងៗដែលជាទំពាំងស្នងឫស្សីទេ ហើយក៏មិនឲ្យអនាគតក្មេងៗត្រូវបាត់បង់ពន្លឺ ព្រោះតែការធ្វេសប្រហែស ឬទង្វើមិនប្រកក្រតីណាមួយរបស់មន្ត្រីអប់រំ ឬមន្ត្រីសាលាស្រុកនោះដែរ៕

វីដែអូ