កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នេះ ការប្រារព្ធពិធីរត់ភ្លើងគប់អបអរសាទរនឹងប្រព្រឹត្តទៅ នៅតាមបណ្តាខេត្ត រួមមាន៖ ខេត្តកែប ប្រារព្ធពិធីនាថ្ងៃនេះ គឺថ្ងៃ០៥ តុលា ២០២៤ សម្រាប់ ខេត្តព្រះសីហនុ នឹងប្រារព្ធពិធីនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤, ខេត្តកំពង់ឆ្នាំងនឹងប្រារព្ធពិធីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤, ខេត្តស្វាយរៀង នឹងប្រារព្ធពិធីនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ និងខេត្តកណ្តាល នឹងប្រារព្ធពិធីនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៤ ចេញដំណើរពីទីកន្លែងប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ មកបញ្ចប់នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក។ថ្លែងក្នុងពិធីជួបជុំរត់ភ្លើងគប់ នៅបរិវេណសួនច្បារខ្ញុំស្រឡាញ់ខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយនឹងប្រារព្ធពិធីបិទការប្រកួតក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ឯកឧត្តមបណ្ឌិត បន្ថែមថា ខេត្តកែប ក៏បានរៀបចំក្រុមកីឡាចំនួន ១៣ប្រភេទ មាន៥៦វិញ្ញាសាប្រកួត ដែលមាន ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុបចំនួន ១០៦នាក់ ក្នុងនោះមាន៖ កីឡាជាតិលើកទី៤ ចំនួន ០៩ប្រភេទកីឡា មាន៤២វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ៨០នាក់ ស្រី ២២នាក់ និងកីឡាជាតិជនពិការលើកទី២ មាន ០៤ប្រភេទកីឡា មាន១៤វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ១៩នាក់ ស្រី ០៦នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការនាឆ្នាំ២០២៤នេះផងដែរ។ ឯកឧត្តមបណ្ឌិត បន្តថា ខេត្តកែប ជាខេត្តដំបូងគេនៃការរត់ភ្លើងគប់នេះ ដើម្បីឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥ រួមមាន៖ ទី១. កីឡារស់ក្នុងសន្តិភាព ទី២.ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត ទី៣. កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ទី៤. កីឡាបៃតង កីឡាស្អាតស្អំ និងទី៥. កីឡាគ្មានសារធាតុដូប៉ា-ដូពីង។ ឯកឧត្តម កែវ ប៊ុនខៀវ រដ្ឋលេខាធិការ និងជាតំណាងខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បញ្ជាក់បន្ថែមថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោម បុព្វបទកីឡាជាតិ ដើម្បី ព្រែកជីហ្វូណនតេជោ ដោយបានកំណត់យកកីឡាចំនួន៣៦ប្រភេទ វិញ្ញាសាចំនួន៣២៨ វិញ្ញាសា សម្រាបកីឡាជាតិលើកទី៤ និងសម្រាប់ចូលរួមកីឡាជាតិជនពិកាលើកទី២ ចំនួន៨ប្រភេទកីឡា មានវិញ្ញាសា ៥៥វិញ្ញាសា សរុបស្មើនឹង៣៨៣ វិញ្ញាសា ដោយមានប្រតិភូគ្រប់កម្រិត កីឡាករ កីឡាការិនី ចូលរួមប្រគួត ៥,៣៣៩នាក់ មកពី ២៥រាជធានីខេត្ត និងបីក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិនេះ ជាការសាកល្បងវាស់ស្ទង់គុណភាព-គុណផល កីឡាករ និងហ្វឹកហ្វឺន អត្តពលិក មន្ត្រីជំនាញកីឡា អោយមានចំណេះដឹង ប្រកបដោយគុណភាព និងបទពិសោធន៍ នៅលើទីលានជាក់ស្តែង ទៅតាមស្តង់ដាកីឡា និងជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩។ សូមបញ្ជាក់ថា ពីធីរត់ភ្លើងគប់នៅខេត្តកែប ប្រារព្ធឡើង ដោយធ្វើការត់បណ្តាក់ចេញពីចំណុច សួនច្បារមុខសាលាខេត្តកែប ឆ្ពោះទៅកាន់ឆ្នេរលេងទឹក និងបន្តទៅកាន់ទីប្រជុំជនផ្សារក្តាម មកជួបជុំនៅបរិវេណសួនច្បារខ្ញុំស្រឡាញ់ខេត្តកែប ដោយមានថ្នាក់ដឹកនាំខេត្ត កងកំលាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តនឹងសហការី ប្រតិភូកីឡា និងអត្តពលិក ចាំទទួលរត់បណ្តាក់ភ្លើងគប់ជាបន្តបន្ទាប់ ៕
វីដែអូ