ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តកែបបង្ហាញអោយឃើញគោលដៅ បញ្ចប់ទាំងស្រុងនៅការបន្ទោបង់ពាសវាលពាសកាល
Tue,30 May 2023 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

កែប៖ គិតត្រឹមខែ ឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើរនឹង២% ខណ:ខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់រហូត៩៨% ទូទាំងខេត្ត តាមផែនការត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចប្រជុំពិនិត្យតាមដានស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅខេត្តកែប នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តកែប។

ឯឝឧត្តម ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ឆ្លងតាមកិច្ចពិភាក្សា ជាលទ្ធផលដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រាស់១០០% ដើម្បីឈានទៅសម្រេចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី៦ ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៣នេះ។

ក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ក្នុងចំណោម១៨ភូមិទូទាំងខេត្តកែប យើងសម្រេចបាននូវចំនួនខ្នងផ្ទះដែលមានបង្គន់សម្រាប់ប្រើប្រាស់ប្រមាណ៩៨% ក្នុងនោះមាន២ទៅ៣ភូមិស្ថិតក្នុងភូមិសាស្រ្តស្រុក និង បណ្តាតំបន់សំណង់មិនរៀបរយខ្លះ នៃភូមិសាស្រ្តក្រុងនៅមិនទាន់មានបង្គន់ប្រើប្រាស់ ភាគច្រើនគឺនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងសង្កាត់អូរក្រសារ ក្រុងកែប តែយ៉ាងណារដ្ឋបាលនឹងសហការយ៉ាងយកចិត្តទុកដាក់ដើម្បីឈានទៅប្រកាសខេត្តកែបក្លាយជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី៦នេះ។

យោងរបាយការណ៍ក្នុងកិច្ចប្រជុំខាងលើរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរកឃើញថា ខ្នងផ្ទះដែលគ្មានបង្គន់ទាំង១៩៨ខ្នងផ្ទះនេះ ចែកជា៣ប្រភេទ ១. ១៥ខ្នងផ្ទះគឺជាគ្រួសារមានលទ្ធភាពតែមិនព្រមសាងសង់ ២. ៧៦ខ្នងផ្ទះគឺជាគ្រួសារខ្វះលទ្ធភាព (ក្រីក្រ) និងទី៣. ៨៥ខ្នងផ្ទះទៀត គឺស្ថិតក្នុងតំបន់មិនរៀបរយ៕

វីដែអូ