ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តកែបទទួលបានសមិទ្ធផលថ្មីមួយទៀតពីរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទុកដាក់សំរាម
Tue,30 May 2023 (Time 02:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានទទួលទីលានទុកដាក់សំរាមថ្មីមួយដែលមានលក្ខណៈស្តង់ដារ  ពីរាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយទីលានមួយនេះបានចំណាយពេលក្នុងការសាងសង់អំឡុងខែឧសភា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ នាខែតុលា ឆ្នាំ២០២២ ដែលទីលាននេះនឹងសមត្ថភាពប្រតិបត្តិការដល់ទៅ២០ឆ្នាំ បច្ចប្បន្នក៏កំពុងដំណើរការទុកដាក់សម្រាមរួចហើយដែរ។

ពិធីប្រគល់ទទួលទីលានទុកដាក់សំរាមមួយនេះបានប្រព្រឹត្តិទៅនៅលើទីលានផ្ទាល់ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចាត់ទុកទីលានទុកដាក់សំរាមនេះ ជាសមិទ្ធផលដ៏ធំមួយទៀតរបស់ខេត្តកែប ក្នុងការប្រើប្រាស់សម្រាប់គ្រប់គ្រងកាកសំណល់រឹង ដែលមានសមត្ថភាពផ្ទុកសម្រាមលើសពី ២០ឆ្នាំ ហើយទីលានទុកដាក់សម្រាមនេះនឹងជួយឱ្យខេត្តកែប មានទីតាំងទុកដាក់សំរាមប្រកបដោយស្តង់ដារ និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវនិរន្តរភាពបរិស្ថាន ជាខេត្តដែលមាន ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។

ឯកឧត្តម ស៊ុន ចាន់ថុល បានគួសបញ្ជាក់ដែរថា កាលពីអំឡុងខែមករា ដើមឆ្នាំ២០២២កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់កំពង់ផែទេសចរណ៍មួយអោយខេត្តកែបគ្រប់គ្រង ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជួន ហើយនៅថ្ងៃនេះក្រសួងក៏នឹងបានប្រគល់ទីលានទុកដាក់សំរាមស្តង់ដារថ្មីមួយទៀត សម្រាប់ធានាបម្រើដល់ការគ្រប់គ្រងអនាម័យបរិស្ថានរបស់ខេត្តកែប ដែលជាខេត្តទេសចរណ៍។ ក្រៅពីនោះតាមរយៈក្រសួង សមិទ្ទផលធំៗជាច្រើនទៀតនឹងលេចរូបរាងឡើងនៅទឹកដីខេត្តកែបនាពេលខាងមុខ។ 

យោងរបាយការណ៍សង្ខេបស្តីពីគម្រោងទាំងមូលបានបញ្ជាក់ថា ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសាងសង់ឡើងមានចំនួន ៤រណ្ដៅ មានសមត្ថភាព ផ្ទុកសំរាមបានប្រមាណ ៦០ម៉ឺនម៉ែត្រត្រីគុណ ក្នុងរយៈពេល ២០ឆ្នាំ។ ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ១៤ ហិចតា ក្នុងទំហំទឹកប្រាក់ជាង ១០លានដុល្លា (១០ ៧៦៩ ៥៣២ដុល្លា) សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកែប  និងស្ទើរតែទាំងអស់នៃវិស័យទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្សារ ទទួលបានសេវានេះ៕

វីដែអូ