ខេត្តកែប៖ បច្ចប្បន្នមានគណបក្សនយោបាយចំនួន ១០គណបក្សហើយ ដែលបានដាក់ពាក្យឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។នេះបើយោងតាមការលើកឡើងរបស់ លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ក្នុងកិច្ចប្រជុំស្តីពីការសហការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកែប។ លោក គីវ សាឌុំ បានបញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់បេក្ខជន អោយឈរឈ្មោះទាំងនោះ មាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនបុិច គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះដែរថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានដាក់ចេញនូវផែនការអន្តរស្ថាប័នការពារការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់។ឯកឧត្តម បន្ថែមថា ការដាក់ចេញនូវផែនការអន្តរស្ថាប័ននេះមានគោលបំណងសំខាន់គឺ ដើម្បីកំណត់យន្តការ និង រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតថ្នាក់ខេត្ត ក្រុង ស្រុក និងកិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវគោរព និងអនុវត្តតាមបទប្បញ្ញតិ និងគោលការណ៍ដូចមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ពិសេសធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតប្រចាំឆ្នាំ ឬក្នុងដំណាក់កាលនៃការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយរលូន និងគ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗឡេីយ។ គួរបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងនោះខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨,១៩៨នាក់ និងមានការិយាល័យបោះឆ្នោតសុរបចំនួន ៦៩ ការិយាល័យ៕
វីដែអូ