ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣
Wed,08 March 2023 (Time 03:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

សូមចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា (៨ មីនា ១៩១១-៨ មីនា ២០២៣) ក្រោមមូលបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល”។
កាលពីដើមឡើយ គេបានប្រារព្ធទិវាសិទ្ធិនារី លើកដំបូង គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១ ដោយកាលណោះ មានមនុស្សចូលរួមដង្ហែរក្បួនជាង ១លាននាក់ នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីស ជាដើម។
ក្រោយមកនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១៤ ក៏មានហេតុការណ៍មួយទៀតកើតឡើងនៅទីក្រុងប៊ែរឡាំង ដែលកាលនោះស្ត្រីសកម្មជននយោបាយសង្គមនិយមអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មយ៉ាងធំធេង ដើម្បីទាមទារសិទ្ធិបោះឆ្នោត។ បន្ទាប់មកទៀត នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១៧ នៅទីក្រុងសាំងប៉េតេសបួរ ប្រទេសរុស្ស៊ី គឺមានព្រឹត្តិការណ៍បាតុកម្មមួយទៀតរបស់ស្ត្រីរុស្ស៊ី ។ បរិបទពិភពលោកពេលនោះ គឺស្ថិតក្នុងសង្រ្គាមលោកលើកទី១ ហើយដែលបុរសៗ ត្រូវគេបញ្ជូនឲ្យទៅធ្វើសង្រ្គាមអស់ ទុកឲ្យស្ត្រីនៅផ្ទះចិញ្ចឹមកូនផង ធ្វើការតាមរោងចក្រផលិតសព្វាវុធ ផលិតស្បៀងអាហារ យកទៅឲ្យកងទ័ពផង។
ស្ថានភាពរុស្ស៊ី ពេលនោះលំបាកខ្លាំងណាស់ ដោយសារតែគ្រោះអត់ឃ្លាន។ ការបះបោលរបស់ស្ត្រីរុស្ស៊ី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១៧ នេះហើយ ដែលបានធ្វើឲ្យអំណាចរបស់ព្រះចៅត្សារ នៃអាណាចក្ររុស្ស៊ី ចាប់ផ្តើមរង្គោះរង្គើ និងឈានទៅមានបវិវត្ដន៍សង្គមនិយម របស់ពួកកុម្មុយនីស្តសូវៀត។ យ៉ាងណាមិញ បក្សបុលឆេវិកសូវៀត បានចាត់ទុកថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១៧ គឺជាថ្ងៃចាប់ផ្តើមទីមួយ នៃបដិវត្តន៍រុស្ស៊ី។ ហេតុដូច្នេះហើយ បានជាក្រោយមកនៅតាមប្រទេសកុម្មុយនីស្ត ដែលស្ថិតក្រោមឥទ្ធិពលសូវៀត គេបានប្រារព្ធពិធីបុណ្យ ៨ មីនា នេះ ជាប្រចាំ។ ដូច្នេះខួប ៨ មីនា ១៩១១ ដល់ ៨ មីនា ២០២៣ វាមានរយៈពេល ១១២ឆ្នាំហើយ ។
ក្នុងបរិការណ៍សង្គមកម្ពុជាបច្ចុប្បន្ន ស្ត្រីត្រូវបានមនុស្សគ្រប់មជ្ឈដ្ឋានក្នុងសង្គម ផ្ដល់កិត្តិយស និងតម្លៃយ៉ាងស័ក្ដិសមទៅតាមវប្បធម៌ នៃសង្គមជាតិ និងទទួលស្គាល់សមត្ថភាពស្ត្រីក្នុងការងារផ្សេងៗនៅក្នុងសង្គម ពោលគឺស្ត្រីអាចបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ដោយគ្មានការរើសអើង មិនថាការងារបច្ចេកទេស ឬនយោបាយឡើយ។
ជាការពិតណាស់ស្ត្រី និងបុរសមានសក្ដានុពលតាំងពីកំណើតមកម្លេះ ប៉ុន្តែបុរសត្រូវបានគេមើលឃើញថា ខ្លាំងក្លាជាងស្ត្រី ដោយសារបុរសមានកម្លាំងកាយមាំមួនជាង។ ទោះបីយ៉ាងណាសមត្ថភាពប្រាជ្ញាការគិតការត្រិះរិះពិចារណា និងការរៀនសូត្ររវាងសិស្សស្រី និងសិស្សប្រុស មិនមានភាពខុសគ្នាឡើយ។ ប្រសិនបើសង្គមមិនឱ្យតម្លៃស្ត្រីទេ សង្គមនោះពុំអាចមានការរីកចម្រើនឡើយ ព្រោះសកលលោក បានចាត់ទុកថា “ស្ត្រីជាមាតានៃពិភពលោក” នេះគឺជាសត្យានុម័ត។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍគ្រប់វិស័យ”។ ទស្សនៈវិវត្តន៍នៅក្នុងសង្គមសកល ក៏ដូចជាសង្គមជាតិយើង គឺអាស្រ័យលើមាគ៌ាដឹកនាំរបស់រដ្ឋាភិបាល ច្បាប់ប្រទេស និងអ្នកដឹកនាំប្រកបដោយបញ្ញាញាណ បានយកចិត្តលើកកម្ពស់តម្លៃរបស់ស្រ្តី។
នៅក្នុងវិស័យនយោបាយ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បង្កើនសមាមាត្រស្ត្រី ក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើងក្នុងការដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យចំនួនស្ត្រី មានការកើនឡើងជាបន្តបន្តាប់។
ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ត្រីជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ក្នុងវិស័យមុខងារសាធារណៈ ចំនួនមន្ត្រីរាជការជាស្ត្រីកើនឡើងបន្តបន្ទាប់ និងនៅថ្នាក់ក្រោមជាតិ ស្ត្រីកាន់តួនាទីជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់។ល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមថ្វាយព្រះពរ និងគោរពជូនពរ ព្រមទាំងជូនពរដល់ស្ត្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាព និងសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។។

វីដែអូ