ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ
Sun,19 March 2023 (Time 05:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
ក្នុងដំណើរអញ្ជើញទៅកាន់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្ដេចក្រឡាហោម ស ខេង អមដោយគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញដាក់កម្រងផ្កា នៅវិមានរំលឹកគុណវីរយុទ្ធជនពលី ដាវឌែង ដោយមានការអមដំណើរពី លោកឧត្តមសេនីយ៍ឯក គុងថង ភុងភិជីត អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។
នៅក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ដោយ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងថ្នាក់ ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត ដោយមានការរៀបចំពិធីត្រួតពលយ៉ាងមហោឡារិក។
ក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមាន ប្រសាសន៍ស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ មុននឹងបន្តលើក ឡើង អំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ រវាងក្រសួងទាំងពីរ ក្នុងនោះរាប់ ទាំងខេត្តជាប់ព្រំដែន។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំ រវាងក្រសួងទាំងពីរដែរ និងមានក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការជួបប្រជុំគ្នាជាទៀងទាត់ ដូចពេលនេះ ភាគីទាំងពីរ នឹងបន្តធ្វើឱ្យបានកាន់តែប្រសើរ ការរួមគ្នាទប់ស្កាត់បទល្មើស ឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ ព្រំដែន និងការងារសំខាន់ៗ ជាច្រើនទៀត។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី លោកនាយ ឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានអញ្ជើញចុះហត្ថលេខារួមគ្នា លើឯកសារស្ដីពី កិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
សូមបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តបតាមការ អញ្ជើញរបស់លោក នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តេចក្រឡាហោម ស ខេង អញ្ជើញធ្វើជា សហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្ត បន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

វីដែអូ