ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្ដេចក្រឡាហោម បានណែនាំរដ្ឋបាលខេត្តបាត់ដំបងត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន
Thu,16 March 2023 (Time 08:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ខេត្តបាត់ដំបង ៖ ដោយសារខេត្តបាត់ដំបង ជាខេត្តដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍវិស័យកសិកកម្ម ឧស្សាហកម្ម និងទេសចរណ៍ សម្ដេចក្រឡាហោមក៏បានណែនាំរដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ។
នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធនៅសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរាយការណ៍គោរពជូនសម្ដេច និងអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំពីសំណាក់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ខេត្តបាត់ដំបងបានបោះជំហានលើដំណើរការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះរួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
អញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញ តួនាទីភារកិច្ច សម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២ កន្លងមកនេះ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានមាន្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ដើម្បីស្តារផលប៉ះពាល់នានាមកលើ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបណ្តាលមកពីជំងឺកូវីដ-១៩, គ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើនក្នុងរង្វង់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ។
សម្ដេចបន្តថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងបទបញ្ជ នីតិវិធីនៃការបោះឆ្នោត ព្រមទាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតនេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ ប្រទេសយើងក្នុងតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ក៏បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដែលជាការលើក កម្ពស់ថែមទៀតនូវកិត្យានុភាពប្រទេសកម្ពុជាយើងលើឆាកអន្តរជាតិ។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានទាញការកត់សម្គាល់ថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ យើងក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមនានាដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើន ដែលត្រូវបន្តខិតខំរួមគ្នាពុះពារអនុវត្តឲ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។
ពីវេទិកាអធិបតីនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានណែនាំកិច្ចការសំខាន់ៗ ដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ត្រូវខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣ លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧, អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ដោយសារខេត្តបាត់ដំបង ជាខេត្តដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍវិស័យកសិកកម្ម ឧស្សាហកម្ម និងទេសចរណ៍ សម្ដេចក្រឡាហោមក៏បានណែនាំរដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ ស្តីពីវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេចអនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគដែលមានទំហំទឹកប្រាក់មិនលើសពី ៥លាន ដុល្លារសហរដ្ឋអាមេរិក និងត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ ប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចក៏បានមានប្រសាសន៍ណែនាំ និងផ្ដល់ទស្សនាទានដល់អង្គសន្និបាតអំពីការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយបានលើកទឹកចិត្តរដ្ឋបាលខេត្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាពផ្តល់ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធ ផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។
សម្ដេចក្រឡាហោម ក៏បានណែនាំបន្ថែមឲ្យរដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំ និងទទួលបាននូវសេវានានានៅកន្លែងតែមួយ ហើយទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ។ សម្ដេចបានបង្ហាញការសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នឹងរួមគ្នាបំពេញការងារឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៣ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

វីដែអូ