ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ
Sat,11 March 2023 (Time 04:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ននានា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រុមប្រឹក្សា និងអភិបាល អភិបាលរងរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវក្តីសោមនរីករាយ និងគារវៈភក្តីភាពចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលនេះ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានធ្វើសេចក្តីរាយការណ៍គោរពជូនគណៈអធិបតី និងអង្គសន្និបាតថា ឆ្នាំ២០២២ កន្លងទៅ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដែលរាជរដ្ឋាភិបាលកម្ពុជា បន្តសម្រេចបាននូវសមទ្ធិផលធំៗ ថ្មីៗជាច្រើនទៀតជូនសង្គមជាតិ ជាពិសេសបានដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិ និងបញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ១៩ និងជាឆ្នាំដែលប្រទេសកម្ពុជា បានទទួលជោគជ័យថ្មីបន្ថែមទៀត លើការអនុវត្តគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២ ក្នុងនោះ ប្រជាពលរដ្ឋខ្មែរប្រមាណ ៨០ភាគរយ បានអញ្ជើញទៅបោះឆ្នោតដោយអនុវត្តសិទ្ធិ និងករណីកិច្ចរបស់ខ្លួនស្របតាមច្បាប់ដោយមានភាពសប្បាយរីករាយ និងមានមោទកៈភាពយ៉ាងក្រៃលែង។
លើសពីនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំពោះរាជធានីភ្នំពេញ មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានក្លាយជាទីតាំងរៀបចំកិច្ចប្រជុំកំពូលអាស៊ានស្របពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានប្តូរវេន ក្នុងឆ្នាំ២០២២ ទោះបីជាសភាពការណ៍នៅក្នុងតំបន់ និងនៅក្នុងពិភពលោកពោពេញទៅដោយភាពប្រឈម និងបញ្ហាចាក់ស្រេះ ក៏រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធមហាសន្និបាទសភា លើកទី៤៣ និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀត ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងទិដ្ឋភាពនយោបាយ ការទូត និងកិច្ចសហប្រតិបត្តិការ ជាពិសេស ការរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈសម្រាប់វត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសមហាអំណាច និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិទាំងអស់ ដែលនេះបានបង្ហាញពីការដឹកនាំយ៉ាងវៃឆ្លាតរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននោះ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សផងដែរ។
សម្ដេចក្រឡាហោម បន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធិភាព និងទាន់ពេលវេលានូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ព្រមជាមួយការដាក់ចេញនូវវិធានការនានា ដើម្បីស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើនប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ចំណុចនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានខិតខំសម្រេចដោយជោគជ័យ ក្នុងការធ្វើជាម្ចាស់រៀបចំវេទិការអភិបាលក្រុងអាស៊ានផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេច ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ដែលបានសហការចូលរួមថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាននូវសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយក៏ទទួលបានការកោតសរសើរដល់សមត្ថកិច្ចរបស់កម្ពុជា ក្នុងការថែរក្សាសន្ដិសុខ។
សម្ដេចក្រឡាហោម បានលើកឡើងទៀតថា ជោគជ័យទាំងនេះ បានលើកកម្ពស់ប្រទេសជាតិនៅលើឆាកអន្ដរជាតិ និងកាន់តែពង្រឹង និងពង្រីកបានបន្ថែមទៀតនូវទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា នៅលើសកលលោក និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើនេះ សម្ដេចក្រឡាហោម ក៏បានកត់សម្គាល់នូវបញ្ហាប្រឈម ដែលនៅសេសសល់ រួមទាំងកិច្ចការងារសំខាន់នានាជាច្រើនទៀត ដែលត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ ជាពិសេស ធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ និតិកាលទី០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

វីដែអូ