ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប
Tue,13 September 2022 (Time 10:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 153នាក់)

ខេត្តកែប ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប។

ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការរង ថ្នាក់ដឹកនាំជំនាញ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលកែប, លោក លោកស្រីជាអភិបាលរងខេត្ត នាយកទីចាត់ការជំនាញចំណុះឲ្យរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកស្នងការ ស្នងការងនគរបាលបាលខេត្ត អធិការ-អធិការងនគរបាលក្រុង-ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្ត។

ឯកឧត្តមបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖ ១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន។ ២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ។ ៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និងទី៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍បន្តទៀតថា លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិគឺ សុខភាពល្អ កាយសម្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញ និងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹងចេះ និងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ហ៊ត សីហា អត្ថលេខ ០៤៦៩១០ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចេញសេចក្តីសម្រេចលេខ ២១៨ ត.ត ០៨២២ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ប្រកាសតែងតាំងជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

វីដែអូ