ថ្ងៃចេញផ្សាយៈ June 24, 2022សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម២០២២។ ក្នុងលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ផ្ញើជូនឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «តាមនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងប្រជាជនវៀតណាមជាទីរាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម២០២២។ សម្ដេចតេជោបន្តថា នេះពិតជាពេលវេលាដ៏ប្រសើរ ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លានូវមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ដែលបានផ្សារភ្ជាប់គ្នាអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ មុនពេលដែលយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៦៧។ ជាមួយគ្នានេះ សម្ដេចតេជោក៏មានការរីករាយដោយបានសង្កេតឃើញថា ចំណងទាក់ទងមិត្តភាពជាបងប្អូនដ៏ល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកំពុងបន្តរីកចម្រើន និងត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មក នេះក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ក្នុងដំណើរឆ្លងកាត់ការលំបាកជាច្រើនសម្រាប់ពេលវេលាដ៏យូរ ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួមឯករាជ្យ និងការអភិវឌ្ឍជាតិ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងវៀតណាម និងបន្តជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតសម្រាប់ចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើង ក្នុងវិស័យជាច្រើន ទាំងទ្វេភាគី តំបន់ និងវេទិកាអន្តរជាតិក្នុងឆ្នាំបន្តបន្ទាប់ ដែលវានឹងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព នៃសហគមន៍អាស៊ាន និងពិភពលោក”។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសម្ដែងការអបអរសាទរអស់ពីដួងចិត្តជូនប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលបន្តទទួលបានជោគជ័យក្នុងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជា លើកកម្ពស់តួនាទីយ៉ាងសកម្មរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕AKP
វីដែអូ