ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាទូកប្រពៃណីសម្រាប់ខេត្តកំពត និងកីឡាទ្រីយ៉ាត្លុតសម្រាប់ខេត្តកែប នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២
Thu,10 November 2022 (Time 02:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

កំពត៖ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុករួមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាទូកប្រពៃណីសម្រាប់ខេត្តកំពត និងកីឡាទ្រីយ៉ាត្លុតសម្រាប់ខេត្តកែប នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សម្រាប់ខេត្តកំពតនឹងក្លាយជាម្ចាស់ផ្ទះលើប្រភេទកីឡាទូកប្រពៃណី ដែលជាប្រភេទកីឡាមួយ តែងតែរៀបចំជារៀងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ទាំងនៅថ្នាក់ជាតិ និងតាមបណ្តាខេត្ត ។ ចំណែកឯខេត្តកែបជាម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមាន៣ប្រភេទ ដូចជា ៖ កីឡាហែលទឹក រត់ និងកីឡាធាក់កង់ ។ ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ ។ ជាមួយគ្នានោះឯកឧត្តម ស សុខា ក៏បានស្នើដល់រដ្ឋបាលខេត្តទាំង២ផ្តល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នេះឲ្យទទួលបានជោគជ័យ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល ការស្នាក់នៅ ការហូបចុក របស់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនី ព្រមទាំងអ្នកទស្សនាផងដែរ ។
កិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រួមបញ្ចូលគ្នារវាងខេត្តកែប និងខេត្តកំពត នាព្រឹកនេះ គឺមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការអគ្គនាយកអគ្គនាយករងប្រធានអនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ស្នងការនគរបាល ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ កងទ័ពជើងទឹក មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងសហព័ន្ធ ព្រមទាំងសមាជិកសមាជិកាជាច្រើនរូប។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥រាជធានី ខេត្តដូចជា៖រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះប្រភេទកីឡាដែលដាក់ឲ្យប្រកួតប្រជែង មាន ៣៨ប្រភេទ ស្មើនឹង ៣៥៦វិញ្ញាសា ។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន ៧ មានវិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន៥០៤៩នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជធានី ខេត្តទាំង២៥ ។សូមបញ្ជាក់ផងដែរថា ចំពោះពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

វីដែអូ