ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រារព្ធពិធីបើកសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី ទាំងនៅថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្តទាំង២៥ស្ថិតក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
Tue,25 October 2022 (Time 09:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 133នាក់)

ខេត្តសៀមរាប ÷ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះនៅក្នុងខេត្តសៀមរាបក្រសួងកិច្ចការនារី និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានសហការរៀបចំបើកសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី ទាំងនៅថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្តទាំង២៥ស្ថិតក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។

អង្គសិក្ខាសាលានេះគឺមានគោលបំណង ដើម្បីអោយមន្ត្រីរាជការ របស់ក្រសួង យល់បានច្បាស់ អំពីវិធាន និង និតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ទំនាក់ទំនងរវាង សវនកម្មផ្ទៃក្នុង និង សវនកម្មផ្ទៃក្រៅ ដើម្បីរួមចំណែកអនុវត្តផែនការសកម្មភាព នៃកម្មវិធីកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងកិច្ចការនារី អោយបានល្អប្រសើរជាលំដាប់។ ដោយបានទទួលការគាំទ្រ ពីថ្នាក់ដឹកនាំ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិ ដែលបានផ្តល់នូវការសម្របសម្រួលក្នុងដំណើរការសិក្ខាសាលា ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងកិច្ចការនារី ។

ថ្លែងបើកអង្គសិក្ខាសាលានាពេលនោះដែរ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានសម្រេចនូវជោគជ័យក្នុង ការកសាងនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រឹងមាំកម្រិតថ្នាក់ជាតិ។ សមិទ្ធផលសំខាន់ៗរួមមាន ១. ការប្រមូលចំណូលគួរឱ្យកត់សម្គាល់ ២. ការលុបបំបាត់ពេញលេញនូវបំណុលកកស្ទះគិតចាប់ពីឆ្នាំ២០០៧មក ៣. ការកែលម្អកិច្ចដំណើរការថវិកាជាមួយនឹងវដ្តនៃការរៀបចំថវិកា និង ៤. ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (FMIS) ដែលបានក្លាយជាប្រព័ន្ធនៃការកត់ត្រា សម្រាប់រាជរដ្ឋាភិបាល ចាប់ពីខែមករា ឆ្នាំ២០១៧ មក ដើម្បីទ្រទ្រង់ដល់ការទូទាត់បានទាន់ពេលវេលា និងធានានូវសុក្រឹតភាព នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។ ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាអាទិភាព នៃការអនុវត្តយុទ្ធសាស្រ្ត ចតុកោណ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព ការឆ្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការ និងការទទួលខុសត្រូវ របស់មន្ត្រីរាជការ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង លើកកម្ពស់កម្រិតជីវភាព ជូនប្រជាជន ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក៍បានបញ្ជាក់ថា៖ក្រសួងកិច្ចការនារីបានចូលរួមក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការអនុវត្តថវិកាកម្មវិធី តាំងពីឆ្នាំ ២០០៥ និង បានឈានដល់ការអនុវត្តថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៥ ដោយខិតខំធ្វើបណ្តើរ រៀនបណ្តើរ និង យកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាស្នូល កំណត់ជោគជ័យ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

មកដល់បច្ចុប្បន្ន ក្រសួងកិច្ចការ នារី មានអង្គភាពថវិកា ចំនួន ៣៧ ក្នុងនោះ មានអង្គភាពថវិកា ចំនួន ១២ នៅថ្នាក់កណ្តាល និង អង្គភាពថវិកា ចំនួន ២៥ នៅថ្នាក់ខេត្តរាជធានី។ ក្រសួងបានជំរុញ លើកកំពស់ស្មារតីទទួលខុសត្រូវ របស់អង្គភាពថវិកាទាំងអស់ ដោយអនុវត្ត របៀបរបបធ្វើការងារមួយ ដែលអង្គភាពថវិកាទាំងអស់ គឺជាអ្នកព្រាងដោយខ្លួនឯង នូវផែន ការសកម្មភាព អោយតបឆ្លើយ ទៅនឹងផែនការយុទ្ធសាស្ត្រនារីរតនៈ និង យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ជាក់ពីគោលបំណងនៃសកម្មភាព សូចនាករ លទ្ធផលរំពឹងទុក មុននឹងលើកពីចំនួនថវិកាដែលត្រូវការ សំរាប់យកមកអនុវត្តសកម្មភាពនោះ៕

ដោយ ÷ ពន្លឺ

វីដែអូ