ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
៨០ម៉ោងសម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយ​ទៀតដើម្បីរួម​ចំណែកក្នុងការប្រឆាំ​ងជំងឺកូ​វីដ១៩
Tue,13 April 2021 (Time 02:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 64នាក់)

ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (ប្រមាណ ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺ ក្នុងរយៈពេល៨០ម៉ោង។ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។ ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ឲ្យអស់ពីទឹកដីខ្មែរយើង៕

វីដែអូ