ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សារសម្ដេចហ៊ុនសែនចូលរួមមរណៈទុក្ខជាមួយគ្រួសារសពដែលបានស្លាប់ដោយ​សារជំងឺ​កូវីដ-១៩​និងដាក់ចេញវិធា​នការមួយចំនួន​បន្ថែមទៀត
Sat,10 April 2021 (Time 01:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 87នាក់)

សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងសារផ្ញើជូនជនរួមជាតិដែលបានផ្សាយផ្ទាល់លើផេកជាផ្លូវការនាព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសពដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩កន្លងមកចំនួន២៤នាក់ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។សម្តេចហ៊ុនសែនសូមចូល​រួមមរណៈ​ទុក្ខជាមួយគ្រួសារសពដែ​លបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែល​គិតមកដល់ពេលនេះមានចំនួន២៤នាក់ដែលនេះគឺជាមរណភាពលើកដំបូង នៅក្នុង​ដំណាក់​កាលកូវីដ-១៩ជាមួយឆ្នាំកន្លងផុតទៅ។ សម្ដេចមានប្រសាសន៍ផ្ដាំផ្ញើសាកសួរ​សុខ​ទុក្ខផងដែរ ចំពោះប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ក៏ដូចជាអ្នកដែលកំពុងធ្វើ​ចត្តាឡី​ស័ក។សម្ដេចថ្លែងថា “សម្រាប់សភាពការណ៍ជំងឺកូវីដ-១៩ ដែលយើងហៅថា «ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ» មកដល់ពេលនេះមិនមានការថមថយទេ។ប៉ុន្តែបែរជា​កាន់តែធ្ងន់លើសមុន។បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង”។ សម្ដេចបន្តថាក៏ប៉ុន្តែ​ដោយសារជំងឺនេះមកដល់លឿនពេក ហៅថាជំងឺកូវីដបំប្លែងហើយការអភិបាល​កិច្ច​​នៅតាមទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើ​ឱ្យ​ចំនួនអ្នកជំងឺកូវីដ-១៩កើនឡើង។សម្ដេចលើកឡើងថា កាលពីពេលមុន ក្នុងរយៈ​ពេល​ជិតមួយឆ្នាំ ប្រទេសរបស់យើង មានអ្នកជំងឺតែជិត៥០០នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែមក​ដល់​ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតទៅដល់៤០៨០នាក់ ហើយថ្ងៃនេះទៀតក៏មានឆ្លង​ជំងឺចំនួន៤៨៣នាក់។ សម្រាប់សម្ដេចហ៊ុនសែនបានចាត់ទុកនេះជាព្រឹត្តការណ៍ដ៏អាក្រក់​សម្រាប់ព្រះរាជា​ណាចក្រកម្ពុជា ដែលការឆ្លងធ្ងន់ធ្ងរគឺសម្រាប់ទីក្រុងភ្នំពេញតែម្ដង ។ដែលគ្រាន់តែរោងចក្រមួយ​ឈ្មោះឌីហានមានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតទៅដល់ ៦៣៨នាក់ ក្នុងពេលនោះដែរផ្សារ​អូរឬស្សី​ក៏មានអ្នកឆ្លងយ៉ាងច្រើន។ សម្ដេចគូសបញ្ជាក់ថា ក្នុងស្ថានភាពដូចនេះ តម្រូវ​ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ប្រកាន់យកនូវវិធានការគ្រប់ផ្នែក ដែលទាក់ទិន​ជាមួយរាជរដ្ឋាភិបាល គឺបានដាក់ចេញនូវអនុក្រឹត្យ ស្ដីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ​ឆ្លងរាដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីច្បាប់បានចេញ។ បន្ទាប់មករាជរដ្ឋាភិបាលក៏បានចេញនូវសេចក្ដីសម្រេចមួយ ដើម្បី​ហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំង​ប្រទេសជា​បណ្ដោះ​អាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។បានសេចក្ដីថាយើងត្រូវទប់ស្កាត់​ការលំហូរនៃជំងឺពីតំបន់មួយទៅកាន់តំបន់មួយ ដើម្បីងាយកាត់ផ្ដាច់។ ពិតមែនហើយថាវិធាន​ការកាត់ផ្ដាច់រយៈពេល១៤ ថ្ងៃនេះ ប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ យើងនឹងពិនិត្យតទៅ​ទៀត។ សម្ដេចបន្តទៀតថា អាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជារាជធានីភ្នំពេញ និងបណ្ដា​ខេត្ត​មួយចំនួន បានបិទការពាក់ព័ន្ធជាមួយនឹងតំបន់មួយចំនួននៅក្នុងដែនដីរបស់ខ្លួន។សម្ដេចបញ្ជាក់បន្ថែមថា ក្នុងសភាពការណ៍បែបនេះដើម្បីសម្រួលដល់​ជីវភា​ពរបស់នៅរបស់ប្រជាជនក្នុងដំណាក់កាលនៃការបាត់បង់ជីវិតនៃក្រុមគ្រួសារ ក៏ដូចជា​ក្នុងដំណាក់កាលនៃក្រុមគ្រួសារដែលមានជំងឺកូវីដក៏ដូចជាក្រុមគ្រួសារដែលត្រូវបិទខ្ទប់​មិន​ឱ្យចេញទៅណានោះ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលត្រូវតែចាំបាច់រៀបចំអន្តរាគមន៍ ជួយ​ដល់ប្រជាពលរដ្ឋ​ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ប៉ុន្តែគឺជាលទ្ធភាពពិតប្រាកដ ដែល​មានវិសាលភាព​នៅ​ទូទាំងប្រទេស។សម្តេចហ៊ុន សែនក៏បានដាក់ចេញវិធានការអន្តរគមន៍មួយចំនួនទៀត ដើម្បីជួយដល់គ្រួសារដែលស្លាប់ឆ្លងនិងរងផលប៉ះពាល់ដោយកូវីដ១៩ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹកថ្លៃភ្លើងជាដើម។ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីសម្តេចហ៊ុន សែន ដូចជា៖
១៖ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាតនិងថ្លៃអគ្គីសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក (ដោះស្រាយតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះ)។
២៖ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩។ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។
៣៖ គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។
៤៖ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែដែរ។
៥៖ ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។
សម្តេចហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះសម្តេចបានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ហើយមានជីវភាពអាចដោះស្រាយបញ្ហាបានដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។សម្តេចហ៊ុន សែន បានអំពាវនាវដល់អគ្គិសនីកម្ពុជារដ្ឋាករទឹកកម្ពុជាអគ្គិសនីឯកជនក្រុមហ៊ុនទឹកឯកជនចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩និងអ្នកត្រូវធ្វើចត្តាឡីស័ក។ សម្តេចហ៊ុន សែន បន្តថា បើមិនបាន ១០០ភាគរយក៏គួរមានជាបដិភាគបានដែរ។សម្តេចហ៊ុន សែន បានបញ្ជាអភិបាលរាជធានីដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ។បើតាមបណ្តាញព័ត៌មានក្នុងស្រុកដែលចេញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
* សម្រាប់ខណ្ឌមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។
* សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
* សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕

វីដែអូ