ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្ពុជា-UN បើកកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២”
Wed,24 February 2021 (Time 03:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 61នាក់)

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចូលរួមសហការដឹកនាំកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” ជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ដែលមានសមាសភាពចូលរួមពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងតំណាងយុវជន។

ចំពោះរបៀបវារៈនៃកិច្ចប្រជុំគឺ៖

– ពិនិត្យមើលវឌ្ឍនភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកម្មវិធីក្នុងឆ្នាំទី១ នៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ

– ពិភាក្សា និងអនុម័តផែនការសកម្មភាពរបស់កម្មវិធីសម្រាប់ឆ្នាំ ២០២១

– ពិភាក្សា និងអនុម័តគោលការណ៍ណែនាំនៃការគ្រប់គ្រងមូលនិធិសម្រាប់គម្រោងនវានុវត្តន៍

យុទ្ធសាស្រ្តថ្មី

– ស្វែងយល់ពីលទ្ធផលនៃការវាយតម្លៃយ៉ាងឆាប់រហ័សនៃតម្រូវការបន្ទាន់សម្រាប់កម្មករនិយោជិត និងជំនាញនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំនេះ សហប្រធានបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ដៃគូអនុវត្តកម្មវិធីរួមគ្នាក្នុងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរជាទីមោទនៈក្នុងឆ្នាំទី១ នៃដំណាក់កាលទី២នេះ ទោះបីមានការរំខានដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។

គួររំលឹកផងដែរថា តាមរយៈការរួមដៃគ្នាជាមួយដៃគូរដ្ឋាភិបាល និងដៃគូអនុវត្តទាំងអស់ កម្មវិធីរួមគ្នាបានខិតខំប្រឹងប្រែងក្នុងការកំណត់រកមធ្យោបាយថ្មី ផ្លាស់ប្តូរវិធីសាស្រ្តអនុវត្តសកម្មភាព ស្វែងរក និងលើកកម្ពស់ដំណោះស្រាយនវានុវត្តន៍ ដូចជាកម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍជំនាញ ហើយក៏ជាកម្មវិធីលើកទី១នៅកម្ពុជា ដែលនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងធ្វើទំនើបកម្មផ្នែកសិក្សា អប់រំបណ្តុះបណ្តាល មុខរបរ និងការងាររបស់យុវជន។

សហប្រធានក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ចូលរួមសហការបង្កើតគម្រោងប្រកួតប្រជែងនវានុវត្តថ្មីៗបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីអប់រំ បណ្តុះបណ្តាល តាមបែបឌីជីថលនិងចម្រុះ បង្កើតភាពជាដៃគូថ្មីៗជាមួយគ្រប់ភាគីពាក់ព័ន្ធប្រកបដោយនវានុវត្តន៍ និងបង្កើតឱកាសក្នុងការបង្រួមគម្លាត រវាងអ្នកទទួលផលពីឌីជីថលវូបនីយកម្ម និងក្រុមងាយរងគ្រោះ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាទៅលើកិច្ចការងារបន្តមួយចំនួនផង ជាអាទិ៍៖ អនុសាសន៍និងដំណោះស្រាយល្អៗ ក្នុងការស្តារស្ថានភាពមុខរបរ និងការងាររបស់យុវជនក្រោយវិបត្តិកូវីដ-១៩ អនុម័តលើផែនការសកម្មភាពរបស់កម្មវិធីសម្រាប់ឆ្នាំ២០២១ និងអនុម័តលើគោលការណ៍ណែនាំនៃការគ្រប់គ្រងមូលនិធិសម្រាប់គម្រោងនវានុវត្តន៍យុទ្ធសាស្រ្តថ្មី៕

វីដែអូ