ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅក្រសួងមហាផ្ទៃ មិនត្រូវបិទការដឹកទំនិញចេញ-ចូលរវាងកម្ពុជា និងប្រទេសជិតខាងនោះទេ
Wed,24 February 2021 (Time 03:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារជាសំឡេង​នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះថា សម្តេច​ទើបតែទទួលដំណឹងថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានដាក់បទបញ្ជាទៅតាមខេត្តជាប់ព្រំដែន​ថៃ ជាពិសេសច្រកប៉ៃលិន ថាមិនឱ្យប្រជាពលរដ្ឋខ្មែរ​ដឹកកសិផល ទៅព្រំដែនដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។

ជុំវិញរឿងនេះ សម្តេចតេជោ បាន​បញ្ជាឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដក​បទបញ្ជា​នេះចេញវិញ ដើម្បី​សម្រួល​ឱ្យប្រជាជនរកស៊ីធម្មតា និងជំរុញ​ដល់ការនាំចេញ​កសិផល​របស់​ប្រជាពលរដ្ឋខ្មែរ។

សម្តេចបញ្ជាក់​ថា កម្ពុជារឹតបន្តឹង​ទៅលើការធ្វើចត្តាឡីស័ក​របស់​ប្រជាពលរដ្ឋដែលមកពីថៃ ប៉ុន្តែការធ្វើ​ពាណិជ្ជកម្មនៅព្រំដែនគឺនៅធម្មតាដដែល។ «កូវីដវាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ»។

សម្តេចតេជោ បាន​លើកឡើង​បន្តយ៉ាងដូច្នេះថា ៖ «ការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែន សូមមេត្តាឱ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវលើបញ្ហា​កិច្ចការនយោបាយ​ក្នុងប្រទេស និងនយោបាយ​ក្រៅប្រទេស។ កន្លងទៅយើងក៏មានការឆកល្វែងដែរ មានការចេញបទបញ្ជាទប់ស្កាត់​មិនឱ្យមានការនាំចូលត្រីពីខាងក្រៅ ដែលអាចថាខុសទៅហ្នឹងបទដ្ឋាននៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក និងក្របខណ្ឌតំបន់​ពាណិជ្ជកម្មសេរីអាស៊ាន។ ដូច្នេះ​យើងបាន​ធ្វើការ​កែតម្រូវទៅខាងក្រសួងកសិកម្ម​ជាមួយនឹង​ការហាមឃាត់ការនាំត្រីចូល​ពីខាងវៀតណាម​ដែលអាចធ្វើឱ្យមានបញ្ហា។ សូមរាយការណ៍ឱ្យខ្ញុំមកត្រង់តែម្តង បើសិនមានបញ្ហាទាក់ទិន​ជាមួយ​ការរអាក់រអួល​លើបញ្ហាពាណិជ្ជកម្ម​នៅតាមព្រំដែនកម្ពុជា-ថៃ»៕

វីដែអូ