ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រសួងសាធារណការបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១
Tue,16 February 2021 (Time 11:24 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 112នាក់)

ភ្នំពេញ ៖ ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន៣២០នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាម ប្រព័ន្ធវីដេអូពីចម្ងាយចំនួន៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន៨២០នាក់។

សន្និបាតឆ្នាំនេះ បានរៀបចំឡើងក្រោមប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម” ក្នុងគោល បំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ ល្អៗ ការ អនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋា ភិបាល ដើម្បី ជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាត នានា ដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅបណ្ដាឆ្នាំខាងមុខជា ពិសេសឆ្នាំ២០២១ និងឆ្នាំបន្តបន្តាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។

ថ្លែងទៅកាន់ពិធីបើកសន្និបាតនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផល សំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះមាន៖ ការលើកកម្ពស់គុណភាពផ្លូវ ពីប្រភេទកៅស៊ូពីរស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវនិងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿន លឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ ការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹក ជញ្ជូនសាធារណៈ ការងារដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ ស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គសន្និបាតផងដែរ អំពីគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិតរហូតមកទល់ពេលនេះ សម្រេចបាន១១,៦៨% គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែសម្រេចបាន ៣១,១៥% ព្រមទាំងការងារ ស្តារអូរប្រឡាយធម្មជាតិចំនួន៥ខ្សែប្រវែងសរុប២៧,៥៤៧គីឡូម៉ែត្រសម្រេចបាន៩៦,៦២% នៅខេត្ត ព្រះសីហនុក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានី ភ្នំពេញទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ(BOT) សម្រេចបាន ៣១,១៩% គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១ ១៣១ម៉ែត្រ សម្រេច បាន ៩៦,៤៩%។

បន្ថែមពីលើនេះ គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស (៤ គន្លងផ្លូវ) និងបែកគូស -ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧% គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុង ប៉ោយ ប៉ែត ពង្រីកជា ៤គន្លងផ្លូវ ក្នុងនោះ ១-(ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥,២៥គ.ម សម្រេចបាន ៣៥,៦២% ២-(បាត់ដំបង-សិរីសោភ័ណ) ប្រវែង ៨៤,៧៤គ.ម សម្រេចបាន ៨៩,៧៥% និង ៣-(ធ្លាម្អម-បាត់ដំបង)ប្រវែង ១៣៤,២៥គ.ម សម្រេចបាន ២៣,០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤,៤គ.ម កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអង្គសន្និបាតផងដែរថា៖ ក្រសួងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿងសម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូន២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយឥតសំណងជាគ្រឿងចក្រសម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន ១៥គ្រឿងពីរដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់JICA។

ជាមួយគ្នានេះផងដែរ ក្រសួងបានទទួលគ្រឿងចក្រសម្រាប់ផលិតបេតុងកៅស៊ូ និងការងារអ៊ុតកៅស៊ូចំនួន២ ឈុត (ចំនួន១៨គ្រឿង)ពីក្រុមហ៊ុនសំណង់សៀងហៃ(SCG) សម្រាប់ឆ្នាំ២០២០ និង២០២១ ដែលក្នុង នោះរួមមាន៖ គ្រឿងចក្រផលិតបេតុងកៅស៊ូដែលមានសមត្ថភាពអាចផលិតបេតុងក្នុងបរិមាណ ១២០ តោន/ម៉ោង ចំនួន២គ្រឿង និងគ្រឿងចក្រសម្រាប់ការងារអ៊ុតកៅស៊ូចំនួន១៦គ្រឿងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនកុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ និងសូមកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច ដោយបានលើកឡើងនូវរូបមន្តដូចតទៅនេះ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១.០០០ យក ១.០០០ គុណនឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០.០០០ គ្រឿងដឹកទំនិញលើផ្លូវយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គសន្និបាតផងដែរថា៖ ក្រសួងនឹងប្រឡងជ្រើសរើសនិស្សិតចំនួន ២០០នាក់ឱ្យសិក្សាជំនាញឯកទេសនៅវិទ្យាស្ថានតេជោសែន សាធារណការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងតម្លៃសិក្សាចំនួន៦០០ដុល្លារក្នុងឆ្នាំ និងផ្តល់ឱកាសអាហារូបករណ៍១០០% សម្រាប់ និស្សិតឆ្នើមចំនួន៥០នាក់ និងអាហារូបករណ៍៥០%សម្រាប់និស្សិតឆ្នើមចំនួន៥០នាក់ សិក្សារយៈពេល ៤ឆ្នាំ ប៉ុន្តែត្រូវស្ថិតក្រោមការវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា តំណាងមកពីអគ្គ នាយកដ្ឋាន នាយកដ្ឋាននិងអង្គភាពជំនាញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត យកចិត្ដ ទុកដាក់រួមគ្នាពិនិត្យពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៅក្នុងបទអន្តរាគមន៍ដែលធ្វើឡើងដោយតំណាងអគ្គនាយកដ្ឋានជំនាញ និងតំណាងអន្តរក្រសួងផងដែរ ដើម្បីជាមូលដ្ឋានក្នុងការបូកសរុបវាយតម្លៃ និងការពិភាក្សាសម្រាប់សន្និបាតឱ្យស្របតាមប្រធានបទ ដែលបានលើកឡើងនៅឆ្នាំនេះ។

សូមជម្រាបជូនផងដែរថា៖ ក្រសួងក៏បានដាក់ចេញផែនការប្រចាំឆ្នាំ តាមដាន និងវាយតម្លៃជាប្រចាំ ជាមួលដ្ឋានវាស់វែង ក្នុងការអនុវត្តផែនកាសកម្មភាពទាំងឡាយរបស់ខ្លួន ដើម្បីជំរុញប្រសិទ្ធភាពការងារ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាន សមិទ្ធផលជាទីមោទនៈ និងលើកទឹកចិត្តឱ្យមន្ត្រីមានការសាមគ្គី សហការគ្នា និងបន្តខិតខំប្រឹងប្រែងធ្វើ ការងារបន្ថែមទៀត ក្រោមដំបូលនៃមហាគ្រួសារសាធារណការ និងដឹកជញ្ជូនតែមួយ៕

វីដែអូ