ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កាស៊ីណូភូមិយើងបើកភ្នាល់លេងល្បែងស៊ីសងបញ្ចល់មាន់ដើមថាន់ចាប់ពីខ្ទង់ពាន់ដុល្លារ បើកអោយខ្មែរចូលលេងយ៉ាងចំហរអាជ្ញាធរខេត្តត្បូងឃ្មុំមិនមានការហាមឃាត់
Mon,03 August 2020 (Time 01:05 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 603នាក់)

ខេត្តត្បូងឃ្មុំ:
ពិតជាខ្លាំងមែនកាន់តែល្បីហើយ ល្បែងបញ្ជល់មាន់ជ្រកក្រោមស្លាក កាស៊ីណូភូមិយើងដែលគេទម្លាប់ហៅថាកាសុីណូអន្លង់ជ្រៃ នោះ បច្ចុប្បន្នគេសង្កេតឃើញថា ក្រុមអ្នកញៀនល្បែងដែលចូលទៅលេងជារៀងរាល់ថ្ងៃក្នុងកាស៊ីណូមួយនេះគឺសុទ្ធសឹងជាពលរដ្ឋខ្មែរស្ទើរទាំងអស់។សូមបញ្ជាក់ផងដែរថាកាស៊ីណូភូមិយើងស្ថិតនៅក្នុងភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានប្រាប់ក្រុមអ្នកសារព័ត៌មានទូរទស្សន៍ប្រ៊ីកឃីងធីវី អនឡាញន៍អោយដឹងថា កាស៊ីណូឈ្មោះភូមិយើង កំពុងតែដំណើរការបើកល្បែងស៊ីសងយ៉ាងរលូន ដែលក្នុងមួយថ្ងៃមួយថ្ងៃមានសុទ្ធតែបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ជិះឡានស៊េរីទំនើបគ្រប់ធុនរាប់សិបឡាននិងម៉ូតូរាប់ពាន់ម៉ូតូគ្រឿងចូលសំដៅទៅលេងក្នុងកាស៊ីណូមួយមានយ៉ាងគគ្រឹកគគ្រេង ។ប្រភពដដែលបន្តទៀតថាមិនដឹងជាថៅកែកាស៊ីណូភូមិយើងនេះ មានខ្នងបង្អែកមន្ត្រីធំ ដល់កម្រិតថ្នាក់ណាទេទើបបានជាលោកជាម ចន្ទ័សោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំនិងលោកប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំមិនហ៊ានប៉ះពាល់យ៉ាងដូច្នេះ។ល្បែងស៊ីសងនៅក្នុងកាស៊ីណូភូមិយើងនេះ បើនិយាយពីការបញ្ចល់មាន់វិញ ក្នុងមួយគូមួយគូមានដាក់ដើមចាប់ពី 1000 ដុល្លារដល់ 5000 ដុល្លារឬច្រើនជាងនេះ។ហើយល្បែងអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀតក៏បើកលេងទ្រង់ទ្រាយធំដូចគ្នាផងដែរ ។
ទាក់ទិនជុំវិញនឹងករណីកាស៊ីណូភូមិយើងបើកលេងល្បែងស៊ីសងយ៉ាងចំហរគ្មានការហាមឃាត់ពលរដ្ឋខ្មែរក្នុងការចូលទៅលេងយ៉ាងសេរី ស្ថិតនៅទីតាំងខាងលើ ហើយអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំមិនទាន់ចូលទៅសួរនាំនោះ។គេដាក់ការសង្ស័យថា កាស៊ីណូមួយនេះប្រហែលជាអត់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ដោយសំអាងគ្រាន់តែមានការឯកភាពពីអាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីថ្នាក់ធំៗក្នុងខេត្តត្បូងឃ្មុំជាថ្នូរទទួលប្រយោជន៍ចូលហោប៉ាវអស់ហើយមើលទៅ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃអាទិត្យទី 2 ខែសីហាឆ្នាំ 2020 នេះគេឃើញក្រុមអ្នកញៀនល្បែង សម្រុកចូលលេងយ៉ាងគគ្រឹកគគ្រេង ក្នុងកាស៊ីណូភូមិយើង ហើយសុទ្ធតែជាជនជាតិខ្មែរដោយពុំឃើញមានមន្ត្រីអាជ្ញាធរសមត្ថកិច្ចជំនាញខាងណាចុះទៅរារាំងរួចហាមឃាត់នោះឡើយ។
ជុំវិញករណី កាសុីណូ ខាងលើបើកល្បែងសុីសងយ៉ាងចំហដោយគ្មានវិធានការហាមឃាត់ពលរដ្ឋខ្មែរក្នុងការចូលទៅលេងយ៉ាងដូចនេះ ក៏មានកាលើកឡើង ស្នើរសំណូមពររបស់ប្រជាពលរដ្ឋទៅដល់ប្រមុខរាជរដ្ឋាភិបាលជាពិសេស សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមលោកមេត្តាធ្វើកិច្ចអន្តរាគមន៍បន្ទាន់ណាមួយ ចុះត្រួតពិនិត្យមើលថាតើកាស៊ីណូភូមិយើងនេះ កំពុងបង្កភាពអាណាធិបតេយ្យផងនោះថា តើមានអាជ្ញាប័ណ្ណត្រឹមត្រូវរកស៊ីស្របច្បាប់តាមច្បាប់អនុញ្ញាតិរបស់រាជរដ្ឋាភិបាល? ឬថាម្ចាស់កាស៊ីណូនេះបានចំណាយលុយខ្ទង់ច្រើនដុល្លារ យកទៅញ៉ុកចូល ហោប៉ាវអ្នកមានអំណាចថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំនេះអស់ហើយបានជាបង្កល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ គៀងគរប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករអោយចូលភ្នាល់លេងល្បែងសុីសង ស្របដែលប្រទេសកម្ពុជា កំពុងភ័យខ្លាចជម្ងឺឆ្លងដ៍កាចសាហាវ កូវីដ19។ ទង្វើនេះសបញ្ជាក់ហាក់បង្ហាញឲ្យឃើញថា មន្ត្រីថ្នាក់ធំៗក្នុងខេត្តត្បូងឃ្មុំទាំងមូល ព្រោះតែប្រយោជន៍មានបានចូលហោប៉ាវ កំពុងតែអនុវត្តន៍ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។។
កម្មវិធីផ្សាយទូរទស្សន៍ ប្រ៊ីកឃីងធីវី អនឡាញន៍ រីករាយស្វាគមន៏ ចំពោះការពន្យល់បកស្រាយបំភ្លឺបែបណាមួយពីសំណាក់រាល់ម្ចាស់សាមុីទាំងឡាយណាដែល លោកអ្នកឃើញថាព័ត៌មានដែលផ្សាយនេះមានភាពមិនសុក្រឹត រៀងរាល់ម៉ោងធ្វើការតាមរយៈទូរស័ព្ទលេខ 088 30 70 002 !!! សូមអរគុណ !

វីដែអូ