ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេច សាយ ឈុំ គាំទ្រយុទ្ធសាស្រ្ត លើ​កកម្ពស់សមភាពយេនឌ័រ និងផ្ត​ល់​ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ព្រ​​​មជាមួយ រាជរដ្ឋាភិបាល ដែលកំ​ពុ​ងប្តេជ្ញាចិត្តដ៏មុតមាំ
Thu,05 March 2020 (Time 03:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 501នាក់)

រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា  នាព្រឹកថ្ងៃទី០៥  ខែមីនា ឆ្នាំ២០២០នេះ បានទទួលជួបគ​ណៈ​​ប្រតិភូស្រ្តី ជាថ្នាក់ដឹកនាំមន្រ្តីរាជការ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត  អ៊ឹង  កន្ថាផាវី រដ្ឋ​ម​ន្រ្តីក្រសួងកិច្ចការនារី   ដើម្បីចូលជួបសំដែងការគួរសម  ក្នុងពិធីអបអរសាទរខួបទី  ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ខា​​​ងមុខនេះ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅវិមានព្រឹទ្ធសភា ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ មានមុខងារពិនិត្យ និងផ្តល់យោប​ល់លើអត្ថ​ប​ទច្បាប់ ដែលអនុម័តដោយរដ្ឋសភា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប។ ច្បាប់ទាំងអស់នេះ ត្រូវបា​ន​យ​ល់ដឹង និងគោរពពីប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ដោយស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិផ​ងដែ​រ ​។

ដោយឡែក ព្រឹទ្ធសភា មានយន្តការក្នុងការពិនិត្យ និងតាមដានអត្ថបទច្បាប់  ដើម្បីធ្វើសំដៅ ធានាការឆ្លើយតបទៅនឹងយេ​ន​ឌ័​រ ដើម្បីបម្រើផលប្រយោជន៍ ប្រកបដោយ សមធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងបុរស និងស្រ្តី តាមរយៈគណៈកម្មការសុ​ខាភិ​បា​ល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា  ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ  និងកិច្ចការនារី នៃព្រឹទ្ធសភា ដឹកនាំដោយលោក​ជំ​ទាវ មាន សំអាន នាពេលបច្ចុប្បន្ន ។

សម្តេចវិបុលសេនាភក្តី បានបន្ថែមថា ព្រឹទ្ធសភា សូមគាំទ្រយុទ្ធសាស្រ្ត  លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អា​ចដល់​ស្រ្តី និងក្មេងស្រី ព្រមជាមួយ រាជរដ្ឋាភិបាល ដែលកំពុងប្តេជ្ញាចិត្តដ៏មុតមាំ   ក្នុងការអនុវត្តការងារនេះ ហើយសង្ឃឹមថា ទៅអ​នា​គត កម្ពុជានឹងសម្រេចបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០  ជាពិសេសចំណុចគោលដៅទី៥ ដែលចែងពី «​កា​​រសម្រេច ឲ្យបានសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប»។

លោកស្រី អ៊ឹង កន្ថាផាវី បានធ្វើរបាយការណ៍ជូនអង្គពិធី ពីលទ្ធផលការងារ របស់ក្រសួងកិច្ចការនារី  ។ លោកស្រី បានបញ្ជាក់ថា ភា​ពរីកចម្រើនទាក់ទង ទៅនឹងសមភាពយេនឌ័រ ទទួលបានលទ្ធផលជាវិជ្ជមានច្រើនវិស័យ ធ្វើឲ្យមានការផ្លាស់ប្តូរជាបណ្តើរៗនូ​វ​ផ្នត់គំនិត និងទស្សនៈរបស់សង្គម ។

លោកស្រីថា រាជរដ្ឋាភិបាល បានបង្កកាលានុវត្តភាពដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី និងក្មេងឲ្យទទួលបានឱកាស និងអ​ត្ថប្រយោជន៍ស្មើគ្នា ដូចបុរស និងក្មេងប្រុស ជំរុញសង្គមគ្រួសារ ឲ្យផ្តល់ការវិនិយោគដោយស្មើភាព លើកការអប់រំ ឲ្យកូនប្រុស កូនស្រី រៀនសូត្របានកម្រិតខ្ពស់ មានជំនាញបច្ចេកទេស និងមុខរបរ  ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួន  ក៏ដូចជាទទួលបាន នូវ​ភា​ពរីកចម្រើនផ្នែកសុខភាព។

លោកស្រីរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិសមភាពយេនឌ័រនៅកម្ពុជា មានការរីកចម្រើននៅគ្រប់វិស័យ ទាំងវិស័យនយោបាយ សេ​ដ្ឋកិច្ច និងសង្គមកិច្ច។ វិស័យសាធារណៈ និងនយោបាយ ចំនួនស្រ្តី ក្នុងតួនាទីធ្វើការសម្រេចចិត្ត មានការកើនឡើងជាបន្តប​ន្ទា​ប់ ទំាងបរិមាណនិងគុណភាព នៅតាមមុខតំណែង និងឋានន្តរស័ក្តិ ពីមួយអាណត្តិទៅមួយអាណត្តិ។

បើតាមរដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងមុខងារសាធារណៈចំនួនស្រ្តីមានការកើនឡើងពី ៣២ភាគរយ  នៅឆ្នាំ២០០៧ ដល់៤១​ភា​គ​រយ នៅឆ្នាំ២០១៩។ ចំនួនស្រ្តី ដែលមានមុខតំណែង ចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក  ខណ្ឌ  រហូតអគ្គនាយក និងថ្នា​ក់​ស្មើមានចំនួន ២៥ភាគរយ ស្រ្តីជាអភិបាលខេត្តមានចំនួន១ ស្រ្តីជាអភិបាលរងខេត្ត រងរាជធានី មានចំនួន២៦រូប  ស្រ្តីជាអ​ភិ​បា​លក្រុង ស្រុក ខណ្ឌ មានចំនួន៦រូប ស្រ្តីជាអភិបាលរងក្រុង ស្រុក ខណ្ឌ មានចំនួន១៩៤រូប ។

នៅក្នុងឆ្នាំ២០១៩ មន្រ្តីការទូតជាស្រ្តីទៅបំពេញការងារ ជាឯកអគ្គរាជទូតមានចំនួន៤រូប និងស្រ្តីជាទីប្រឹក្សា លេខាធិ​កា​រ និ​ងគ​ណ​នេយ្យករអមស្ថានទូត និងស្ថានកុងស៊ុលប្រចំាប្រទេស មានចំនួន ៥៥រូប ។

លោកស្រី បានលើកឡើងទៀតថា  ចំពោះវិស័យសេដ្ឋកិច្ចវិញ  របាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០  បានបង្ហាញថា ក​​​ម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី២៥ ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងចំណាត់ថ្នាក់ទី៤៥ ក្នុងឆ្នាំ២០១៨  ក្នុងចំណោមប្រទេសចំនួ​ន១​៥​​៣ ដែលនេះ បានបង្ហាញថា ការចូលរួមរបស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ចគឺសកម្ម ។

អត្រាស្រ្តី ចូលរួមក្នុងកម្លំាងពលកម្មកម្រិតខ្ពស់មានដល់៧៩ភាគរយ នៅក្នុងឆ្នាំ២០១៧។ សហគ្រិនភាពស្រ្តី មានការកើនឡើង​៦​៥​​ភាគរយ នៃសហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជី គឺមានស្រ្តីជាអ្នកគ្រប់គ្រង ឬម្ចាស់សហគ្រា​ស ​៕

វីដែអូ