ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេច ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាល និងអភិបាលរងខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត រីឯលោក នុត ពុធដារ៉ា ត្រូវផ្ទេរមកជាអភិបាលរងខេត្តកណ្តាល
Wed,04 March 2020 (Time 09:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 74នាក់)

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង អភិបាលខេត្ត និងអភិបាលរងខេត្តកណ្តាល។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។ ដោយឡែក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ។

សម្រាប់ប្រវត្តិចូលបម្រើការងាររបស់លោក គង់ សោភ័ណ្ឌ មានដូចខាងក្រោម៖

*នៅឆ្នាំ១៩៩៨ លោកជំនួយការខុទ្ទកាល័យសាលាកណ្តាល
*នៅឆ្នាំ១៩៩៩ លោកជាអភិបាលរងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
*នៅឆ្នាំ២០០៩ លោកជាអភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
*នៅឆ្នាំ២០១៧ លោកជាអភិបាលស្រុកល្វាឯម
*នៅដើមខែតុលា ឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្តាល
*នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។

អ្នកស្គាល់លោក គង់ សោភ័ណ្ឌ ដែលបច្ចុប្បន្នមានឋានន្តរស័ក្តិជាឧត្តមថ្នាក់លេខ៥ បានឲ្យដឹងថា លោកជាមន្រ្តីម្នាក់ដែលមានសមត្ថភាព និងទទួលបានការកោតសរសើរលើការបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងជឿជាក់ថា ក្រោយប្រកាសឲ្យចូលកាន់តំណែងជាអភិបាលខេត្តកណ្តាល នឹងនឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ជួយដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។

សម្រាប់ប្រវត្តិចូលបម្រើការងាររបស់លោក នុត ពុធដារ៉ា មានដូចខាងក្រោម៖

*លោក នុត ពុធដារ៉ា បច្ចុប្បន្នឋានន្តរសក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីរាជការមួយរូប ដែលបានចូលបម្រើការងារតាំងពីឆ្នាំ១៩៩២ ជាមន្ត្រីនគរបាលជាតិ
*បន្ទាប់មកជាមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី
*បន្តជាមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានកាន់តំណែងជាបន្តបន្ទាប់ ជាអនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងជាអគ្គនាយករងរដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

*នៅឆ្នាំ២០០៥ លោកត្រូវបានផ្ទេរមកបំរើការងារជាអភិបាលរងខណ្ឌឬស្សីកែវ

*នៅឆ្នាំ២០១២ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងចំនួនពីរអណត្តិជាអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយចប់អាណត្តិអភិបាលខណ្ឌ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ហើយបច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ច ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ហើយបច្ចុប្បន្ន លោកក៏ជាជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។

អ្វីដែលគេនៅចងចាំមិនភ្លេចអំពីការខិតខំប្រឹងប្រែង និងស្នាដៃរបស់លោក នុត ពុធដារ៉ា កាលនៅជាអភិបាលខណ្ឌដង្កោ គឺលោកតែបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាប់ជាប្រចាំ និងបានដោះស្រាយបញ្ហា សំណើ សំណូមពរ និងបំពេញតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោបានទាន់ពេលវេលា ហើយចំពោះលទ្ធផលការបោះឆ្នោតកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់សង្កាត់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌដង្កោ ក៏តែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោត៕

វីដែអូ