ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋមន្ត្រីក្រសួងបរិស្ថានសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ
Tue,04 February 2020 (Time 05:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1272នាក់)

ខេត្តកោះកុង ៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ អំឡុងពេលដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមនឹងគណៈប្រតិភូក្រសួងបរិស្ថាន និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងជួបសំណេះសំណាលសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះបងប្អូនមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ហើយកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃឈើ ដើម្បីពង្រឹងការងារអភិរក្ស ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនចំណូលជូនប្រជាសហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ» ។
តំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ដោយសារតែមានទេសភាពដ៏ល្អត្រកាល គ្របដណ្តប់ដោយសមុទ្រឈើជាទីមនោរម្យ មានចំរាក់ភ្នំដ៏គួរឱ្យទាក់ទាញ រុក្ខជាតិនិងជីវៈចម្រុះដ៏សម្បូណ៌បែប និងជាទីកន្លែងគួរឱ្យចង់ស្នាក់នៅកម្សាន្ត ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនដែលជាការលក់តួនាទីព្រៃឈើក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបាននិងកំពុងប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅគោលការណ៍ ហិរញ្ញប្បទាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានារួមនឹងប្រជាសហគមន៍ដែលបានចូល រួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បី ការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖«នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមាន ប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីឈានទៅលក់ឥណទានកាបូន។ ពេលនេះ យើងអាចធ្វើបានហើយនិងកំពុងបោះមួយជំហានទៀតក្នុងការធ្វើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងមានលទ្ធភាពគិតគូរបន្ថែមលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានរួមទាំងក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍» ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិចតា ។
ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ ។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ការបរបាញ់សត្វដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា៖ « ជាការចាំបាច់ ក្រសួងបរិស្ថានបានផ្តួចផ្តើម និងជំរុញឱ្យមានគម្រោងចិញ្ចឹមសត្វដូចជាពពែ គោ និងជ្រូកជាដើមដើម្បីបង្កើនចំណូល និងបម្រើតម្រូវការទីផ្សារជាពិសេសផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា» ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រគល់ជូននូវសម្ភារមួយចំនួនដល់មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានដែលឈរជើងការពារតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលមានមុង ភួយ អង្រឹង សម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់បម្រើឱ្យការងារល្បាត ៕

វីដែអូ