ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
គណៈកម្មការជាតិអះអាងថា បច្ចុប្បន្ននេះការកាប់ឈើ និងដឹកជញ្ជូនឈើដោយខុសច្បាប់ជាលក្ខណៈទ្រុងទ្រាយធំ មានភាពស្ងប់ស្ងាត់
Mon,03 February 2020 (Time 06:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1314នាក់)

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។ នេះបើតាមការឲ្យដឹងពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់យកឈើចម្រុះបាន៩,២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១គ្រឿង ព្រមជាមួយគ្នានោះ ក្រុមការងារបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលនូវរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា ឈើដែលចាប់បាន គណៈកម្មការជាតិកំពុងថែរក្សាមិនឱ្យបាត់ ឬឆេះដោយប្រការណាមួយឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។
ជាមួយគ្នានេះ គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឱ្យបុគ្គលគ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឱ្យជៀស ឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល ៕

វីដែអូ